បាត់ដំបង ៖ នៅថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៣ វេលាម៉ោង១៥និង០០នាទី ត្រង់ចំណុចក្រុមទី០១ ភូមិអូពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសប្រើអាវុធ(ពូថៅ) បង្កឡើងដោយជនសង្ស័យម្នាក់ឈ្មោះ ម៉ក់ សាម៉ន ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិអូពងមាន់ ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានធ្វើសកម្មភាពយកពូថៅកាប់ទៅលើជនរងគ្រោះម្នាក់ឈ្មោះ ឆេង យេន ភេទប្រុស អាយុ ៣០ឆ្នាំ ត្រូវជាបងថ្លៃរស់នៅក្នុងផ្ទះជាមួយគ្នា បណ្តាលឲ្យមានរបួសធ្ងន់ (ចំស្មាខាងឆ្វេង១កន្លែង, ឆ្អឹងជំនីខាងក្រោមដោះ១កន្លែង និងខាងក្រោយខ្នងក្រោមកញ្ចឹងក៣កន្លែង) ត្រូវបានក្រុមគ្រួសារបញ្ជូនតាមរថយន្តទៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
បន្ទាប់ពីពេលកើតហេតុ ជនរងគ្រោះបានរាយការណ៍មកសមត្ថកិច្ចនគរបាលស្រុកបាណន់ និងដោយអនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌផងនោះ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានដឹកនាំកម្លាំងផ្នែកជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យខាងលើនិងដកហូតបានពូថៅចំនួន ០១ជាវត្ថុតាង ។ លោកវរសេនីយ៍ឯក ប៉ាន់ វ៉ាន់នី អធិការនគរបាលស្រុកបាណន់ បានបញ្ជាក់ថា ជនសង្ស័យខាងលើ ប្រើប្រាស់គ្រឿងញៀន (សសៃប្រសាទ)។
បច្ចុប្បន្ន សមត្ថកិច្ចនគរបាលស្រុកបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ