បាត់ដំបង ៖ នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៣ នៅវេលាម៉ោង១៨និង១០នាទី នៅចំណុចភូមិព្រែករុន ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល អនុវត្តតាមយោបល់ដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចយោបល់របស់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌនិងដោយបានការសម្របសម្រួលលើនីតិវិធី ពីឯកឧត្តម កែវ សុជាតិព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបងផងនោះ លោកវរសេនីយ៍ទោ ហេងបារាំង អធិការនគរបាលស្រុកភ្នំព្រឹក បានដឹកនាំកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រួមសហការជាមួយកម្លាំងអធិការដ្ឋាន នគរបាល ស្រុកស្អាងនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បាននាំខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ភីរុន អ៊ូរ៉ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរធ្វើចំការ។
សមត្ថកិច្ចបានទទួលពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ អឿន សំអាត ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង មុខរបរធ្វើចំការ បានប្តឹងជនសង្ស័យខាងលើ បានធ្វើសកម្មភាពលួច(ម៉ូតូ) របស់គាត់ ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ស្លាកលេខ បាត់ដំបង 1AP-4443 នៅចំណុចភូមិដំណាក់ក្សាន្ត ឃុំបួរ ស្រុក ភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣វេលាម៉ោង១២និង០០នាទី ហើយគេចខ្លួនបាត់ពីមូលដ្ឋាន។
ក្រោយពីបានសាកសួររួច ជនសង្ស័យឈ្មោះ ភីរុន អ៊ូរ៉ ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិឬស្សីស្រុក ឃុំខ្ពប ស្រុកស្អាង ខេត្តកណ្តាល មុខរបរធ្វើចំការ បានឆ្លើយសារភាពថាខ្លួនពិតជាបានធ្វើសកម្មភាពលួច (ម៉ូតូ) របស់ជនរងគ្រោះឈ្មោះ អឿន សំអាត ភេទប្រុស អាយុ៥៤ឆ្នាំ នៅចំណុចមុខផ្ទះ របស់ជនរងគ្រោះ ស្ថិតនៅដំណាក់ក្សាន្ត ឃុំបួរ ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង កាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ វេលាម៉ោងប្រមាណ១២និង០០នាទី ពិតប្រាកដមែន ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលស្រុកភ្នំព្រឹកកសាងសំណុំរឿង បញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ