ពោធិ៍សាត់ ៖ កាលពីថ្ងៃទី២៣ខែមករា ឆ្នាំ២០២៣ កម្លាំងជំនាញព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោតចាប់ឃាត់ខ្លួនជនសង្ស័យ១នាក់ ពីបទលួចបំពង់ស៊ីម៉ាំងឡានចំនួន២ដើម នៅចំណុចមុខផ្ទះប្រជាពលរដ្ឋស្ថិតនៅក្នុងភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ កាលពីថ្ងៃទី២១និងថ្ងៃទី២៣ខែមករាឆ្នាំ២០២៣ ក្នុងថ្ងៃបុណ្យចូលឆ្នាំប្រពៃណីជនជាតិចិននិងវៀតណាម ។
លោកវរសេនីយ៍ឯក មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា កម្លាំងនគរបាលជំនាញបានទទួលពាក្យបណ្តឹងដោយផ្ទាល់មាត់ពីប្រជាពលរដ្ឋចំនួន២នាក់ថាមានករណីចោរកម្មដែលបានលួចបំពង់ស៊ីម៉ាំងរថយន្តពួកគាត់ចំនួន២គ្រឿង កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី និងទី២៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី នៅចំណុចកើតហេតុខាងលើ និងយោងតាមកំណត់បំភ្លឺរបស់ជនរងគ្រោះទាំងពីរ ៖
១-ឈ្មោះ លឹម ហ៊ុយហាក់ ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរជំនួយការព្រះរាជអាជ្ញា ទីលំនៅ ភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ នៅថ្ងៃទី២០ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១៤និង ៣០នាទី ខ្លួនបានបើករថយន្តម៉ាកលុចស៊ីស ពណ៌ស ៣០០ ស្លាកលេខ ភ្នំពេញ 2B-6999 ពីខេត្តពោធិ៍សាត់ដើម្បីមកលេងផ្ទះនៅស្រុកក្រគរហើយបានទុកឡាននៅមុខផ្ទះរហូតដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៨ និង ៣០នាទីទើបដឹងថាចោរលួចបំពង់ស៊ីម៉ាំងឡាន ក្រោយមកទើបប្ដឹងនគរបាលអោយជួយរក ។
២-ឈ្មោះ សុខ ម៉េង ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរជាងថត ទីលំនៅ ភូមិផ្សារ ឃុំអន្លង់ត្នោត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២២ វេលាម៉ោង៩និង០០នាទី បងប្រុសរបស់ខ្លួនបានបើករថយន្តម៉ាកលុចស៊ីស ពណ៌ខ្មៅ ស្លាកលេខ ភ្នំពេញ 2S-6070 ពីភ្នំពេញដើម្បីមកលេងផ្ទះនៅស្រុកក្រគរហើយបានទុកឡាននៅមុខផ្ទះរហូតដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៩និង៣០នាទីទើបដឹងថាចោរលួចបំពង់ស៊ីម៉ាំងឡាក្រោយមកទើបប្ដឹងនគរបាលអោយជួយរក។
លោកអធិការនគរបាលស្រុកក្រគរបានឲ្យដឹងទៀតថា ក្រោយទទួលបានពាក្យបណ្តឹងករណីខាងលើ កម្លាំងជំនាញព្រហ្មទណ្ឌស្រុកក្រគរបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអន្លង់ត្នោតបានចុះស្រាវជ្រាវមុខសញ្ញាលួចខាងលើ និងបានចាប់ឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់ ឈ្មោះ ម៉ោញ ជំនាញវិជ្ជា ហៅជីងចាំង ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ដោយបានឆ្លើយសារភាពថា ខ្លួនពិតជាបានលួចបំពង់ស៊ីម៉ាំងឡានចំនួន២ដើម ២លើកដែលជាកម្មសិទ្ធិរបស់ជនរងគ្រោះទាំង២នាក់ខាងលើពិតប្រាកដមែន។
បច្ចុប្បន្ន ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលជំនាញចាប់ឃាត់ខ្លួននៅអធិការរដ្ឋាននគរបាលស្រុកក្រគរ តាមបញ្ជាឯកឧត្ដម កូយ កាន់យ៉ា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចុះថ្ងៃទី២៣ ខែមករា ឆ្នាំ២០២២ វេលាម៉ោង ១០និង ៥៣នាទី ដើម្បីបំពេញនីតីវិធី។
ចំពោះវត្ថុតាងមាន បំពង់ស៊ីម៉ាំង២ដើម និងសោរលេខ១៤ចំនួន២ដើម ត្រូវបានប្រគល់ជូនទៅម្ចាស់វិញ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ