ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៧ និង០០នាទី កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកំរិតស្រាលរាជធានីភ្នំពេញ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឺងមានជ័យ១ នៃអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ចំនួន០៨នាក់ ពាក់ព័ន្ធបទល្មើស ធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស (ព្រួតគ្នាយកដុំថ្មគប់ផ្ទះលក់កាហ្វេបណ្តាលឲ្យ បែកកញ្ចក់ទូកាហ្វេ និងធ្លុះទ្វាររបងផ្ទះ ) ។
ករណីហិង្សាខាងលើប្រព្រឹត្តនៅចំណុចតូបលក់កាហ្វេផ្ទះលេខ៧០៤ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឺងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង២១និង៤០នាទី ។
ជាមួយនឹងការឃាត់ខ្លួន សមត្ថកិច្ចបានដកហូតវត្ថុតាងមាន ៖ -ម៉ូតូម៉ាកស្គូពី១គ្រឿង ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ1IU-5238, -ម៉ូតូម៉ាកហុងដាសេ 125 ១គ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1AM-7128, -ម៉ូតូម៉ាកហុងដាវ៉េវ ១គ្រឿង ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1G-0355 ។
ជនរងគ្រោះមានឈ្មោះ អូន ឧស្សាហ៍ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់កាហ្វេ មានទីលំនៅផ្ទះលេខ៧០៤ ផ្លូវលំ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ សម្ភារៈខូចខាត -បែកកញ្ចក់ទូកាហ្វេ និងធ្លុះទ្វាររបងផ្ទះ ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងខាងលើ ការិយាល័យជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ