សម្ដេចតេជោ ហ៊ុន សែន សម្រេចឱ្យជ្រើសរើសក្របខណ្ឌមន្រ្តីពេទ្យចំនួន ២០០ នាក់ បន្ថែមទៀត សម្រាប់មន្ទីរពេទ្យជាតិ តេជោសន្ដិភាព

0

ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានសម្រេចឱ្យជ្រើសរើសក្របខណ្ឌមន្រ្តីពេទ្យចំនួន ២០០ នាក់ បន្ថែមលើចំនួនគ្រូពេទ្យចំនួន១៥០នាក់ ដែលត្រូវចាត់តាំងមកបម្រើការនៅក្នុងមន្ទីរពេទ្យជាតិ តេជោសន្ដិភាព និងត្រូវជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យាចំនួន៣០០ នាក់សម្រាប់មន្ទីរពេទ្យនេះ ។

ថ្លែងក្នុងឱកាសអញ្ជើញចុះពិនិត្យមើលវឌ្ឍនភាពនៃការសាងសង់ «មន្ទីរពេទ្យជាតិតេជោសន្ដិភាព» មានទីតាំងស្ថិតនៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា មន្ទីរពេទ្យដែលធំដាក់អ្នកជំងឺជិត១ម៉ឺននាក់ មិនមែនជារឿងធម្មតាទេ ដែលត្រូវមានតម្រូវការច្រើន ដូចនេះសូមក្រសួងមុខងារសាធារណៈ អនុញ្ញាតឱ្យក្រសួងសុខាភិបាលរើសក្របខណ្ឌគ្រូពេទ្យ ២០០ នាក់ និងបុគ្គលិកជាប់កិច្ចសន្យា ៣០០ នាក់ សម្រាប់មន្ទីរពេទ្យនេះ ។ ដូចនេះត្រូវរៀបចំប្រឡងជ្រើសរើសឱ្យបានត្រឹមត្រូវ ។

ជាមួយគ្នានេះ សម្តេចតេជោក៏បានអនុញ្ញាតឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលជ្រើសរើសអនុប្រធានមន្ទីរពេទ្យចំនួន ០៥ នាក់ មកកាន់ទីនេះ ។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានលើកឡើងថា កាលពីឆ្នាំកន្លងទៅបានសម្រេច អនុញ្ញាតឱ្យរើសក្របខណ្ឌមន្ត្រីពេទ្យចំនួន ៣ ០០០ នាក់ ។ សម្ដេចតេជោបានអះអាងថា ចំពោះមន្ទីរពេទ្យនេះអាចប្រើប្រាស់បានរយៈពេល ៧០ ឆ្នាំ ក៏ប៉ុន្តែវាអាស្រ័យលើការថែទាំផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន