ពោធិ៍សាត់៖ ស្ត្រី០៥នាក់ លេងល្បែងស៊ីសងខុសច្បាប់ ត្រូវសមត្ថកិច្ចនៃអធិការដ្ឋាននរបាលស្រុក បង្ក្រាបឃាត់ខ្លួន និងធ្វើកិច្ចសន្យាការអប់រំ ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងនៅចំណុចផ្ទះរបស់ឈ្មោះ មិន ស្រីម៉ៅ ស្ថិតនៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកានខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង១៤និង៥០នាទី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថាដោយទទួលបានព័ត៌មានពីប្រជាពលរដ្ឋអំពីករណីល្បែងស៊ីសង កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះចំនួន០២នាក់ បានចុះបង្ក្រាបល្បែងស៊ីសង បៀរនៅចំណុចខាងលើ ជាលទ្ធផលឃាត់ខ្លួនអ្នកលេងល្បែងស៊ីសងនៅនឹងកន្លែង បានចំនួន០៥នាក់ ទី១ឈ្មោះ មិន ស្រីម៉ៅ ភេទស្រីអាយុ៣៥ឆ្នាំ ជាម្ចាស់ផ្ទះ ទី២ឈ្មោះ ឃិន ស៊ុនគា ភេទស្រី អាយុ៤៣ឆ្នាំ រស់នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ទី៣ឈ្មោះ មិន ចិន្តាភេទស្រី អាយុ៥៣ឆ្នាំ ទី៤ឈ្មោះ អ៊ុំ ភឿន ភេទស្រី អាយុ៦៥ឆ្នាំ ទី៥ឈ្មោះ ផល មិថុនា ភេទស្រី អាយុ៣៥ឆ្នាំ អ្នកទាំង០៥នាក់រស់នៅភូមិស្វាយអាត់ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់ នឹងដកហូតបានវត្ថុតាងរួមមាន បៀរចំនួន០១ហ៊ូ ស្មើរ៥២សន្លឹក និងភួយចំនួន០១ ចំពោះអ្នកលេងល្បែងស៊ីសងទាំង០៥នាក់ ត្រូវបានសមត្ថកិច្ចធ្វើការអប់រំ និងធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការលេងល្បែងស៊ីសង រួចអោយត្រលប់ទៅផ្ទះវិញ ចំណែកវត្ថុតាងយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្នាមព្រះ ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ