ពោធិ៍សាត់ ៖ យ៉ាងហោចណាស់មានមនុស្ស០៣នាក់ រងរបួសធ្ងន់ និង០៥នាក់ទៀតរងរបួសស្រាល ដោយឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍ចំនួន ០៣ករណីផ្សេងគ្នា កើតឡើងជាបន្តបន្ទាប់ នៅភូមិសាស្ត្រស្រុកបាកាន នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣ ។
នៅវេលាម៉ោង០៧ និង៥៥នាទីព្រឹក មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រលេខ១៩៧-១៩៨ ស្ថិតនៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ដោយរថយន្តម៉ាកតូយ៉ូតា ស៊ីណា ពណ៌ទឹកមាស ពាក់ស្លាកលេខភ្នំពេញ 2AI-9251 បើកបរក្នុងទិសដៅពីលិចទៅកើត បុកម៉ូតូម៉ាកស្កុបពី ស៊េរីឆ្នាំ២០២២ ពណ៌ស ពាក់ស្លាកលេខពោធិ៍សាត់ 1N-5862 បើកបរពីជើងទៅត្បូងបត់ឆ្លងផ្លូវ បណ្តាលឲ្យអ្នកជិះនៅលើម៉ូតូ រងរបួសធ្ងន់០១នាក់ និងស្រាល០២នាក់ ១-ឈ្មោះ ព្រុំ រិន ភេទប្រុស អាយុ ៥៩ឆ្នាំ ជាអ្នករួមដំណើរ រងរបួសធ្ងន់ ២-ឈ្មោះ ផា សុខណុច ភេទប្រុស អាយុ២៧ឆ្នាំ ជាអ្នកបើកបរម៉ូតូ រងរបួសស្រាល ៣-ឈ្មោះ ផា ដានុត ភេទប្រុស អាយុ៤ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងបីរស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ។ ចំពោះអ្នកបើកបររថយន្តឈ្មោះ នុត សុភ័ក្រ ភេទប្រុស អាយុ ៤៣ឆ្នាំ រស់នៅភូមិរំចេក៤ សង្កាត់រតនៈ ក្រុងបាត់ដំបង ខេត្តបាត់ដំបង មិនរងរបួសទេ ករណីនេះជំនាញបានបញ្ជាក់ថា មូលហេតុបង្កជាគ្រោះថ្នាក់ចរាចរណ៍នេះឡើង គឺរថយន្តម៉ាកតូយ៉ូតាស៊ីណា បើកបរក្នុងល្បឿនលឿន មិនគោរពស្លាកសញ្ញាចរាចរណ៍ និងខ្វះការប្រុងប្រយ័ត្ន ក្នុងការបើកបរក្នុងទីប្រជុំជនមានផ្លូវឆ្លងកាត់ ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីពេទ្យបង្អែកខេត្តពោធិ៍សាត់ រីឯវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចបានប្រគល់ជូនទៅជំនាញការិយាល័យចរាចរណ៍ផ្លូវគោកខេត្ត ចាត់ការបន្ត ។
នៅវេលាម៉ោង១៦ និង១៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយលើកនៅលើផ្លូវក្រាលកៅស៊ូ មុខផ្ទះឈ្មោះ អេង សុភ័ក្រ ភេទស្រី អាយុ៣៩ឆ្នាំ ស្ថិតនៅភូមិកោះអណ្ដែត ឃុំត្រពាំងជង ស្រុកបាកានដោយម៉ូតូម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិ៍សាត់ 1G-2254 បើកបរក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនមកដល់ចំណុចខាងលើ បានឡើងវ៉ារថយន្តជ្រុលទៅបុកនឹងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1AB-6319 ក្នុងដំណើរបញ្ច្រាស់ទិស បណ្តាលឲ្យអ្នកបើកបរម៉ូតូនិងអ្នករួមដំណើរ រងរបួសធ្ងន់០១នាក់ និងស្រាល០២នាក់ ១-ឈ្មោះ រើន ដារ៉ុង ភេទប្រុស អាយុ១៤ឆ្នាំ រស់នៅភូមិអណ្ដូងក្រសាំង ឃុំស្នាមព្រះ ស្រុកបាកាន ជាអ្នកបើកបរម៉ូតូហុងដា ឌ្រីម សេ១២៥ ស៊េរីឆ្នាំ២០១៦ រងរបួសធ្ងន់ ២-ឈ្មោះ គង់ សុវណ្ណដា ភេទប្រុស អាយុ១៦ឆ្នាំ ជាអ្នកបើកបរម៉ូតូ ហុងដា ឌ្រីមសេ១២៥ ស៊េរីឆ្នាំ២០១៣ រងរបួសស្រាល ៣-ឈ្មោះ ថាវ ពៅពិសី ភេទស្រី អាយុ១៦ឆ្នាំ ជាអ្នករួមដំណើរ រងរបួសស្រាល អ្នកទាំងពីរ រស់នៅភូមិត្រពាំងជង ឃុំត្រពាំងជង ស្រុកបាកាន ។ បច្ចុប្បន្នជនរងគ្រោះ ត្រូវបានសមត្ថកិច្ចបញ្ចូនទៅសង្គ្រោះនៅមន្ទីពេទ្យបង្អែកស្រុកបាកាន រីឯវត្ថុតាងម៉ូតូបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលត្រពាំងជង ។
នៅវេលាម៉ោង១៩ និង៤០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយករណីទៀត នៅលើផ្លូវក្រាលកៅស៊ូពីរំលេចទៅអូរតាប៉ោង ត្រង់ចំណុចភូមិប្រាសាទ ឃុំរំលេច ដោយរថយន្តបែនដឹកដីប្រាំតោន មួយគ្រឿងម៉ាក នីសាន់ យូឌី ពណ៌ខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3A-1950 បើកបរក្នុងទិសដៅពីត្បូងទៅជើង មកដល់ចំណុចខាងលើ បានបុករថយន្តម៉ាក កូរ៉ូឡា ពណ៌ទឹកប៊ិច ស៊េរីឆ្នាំ១៩៩៨ ពាក់ស្លាកលេខ ពោធិ៍សាត់ 2A-3733 បើកបរក្នុងទិសដៅច្រាសគ្នា បណ្ដាលឲ្យអ្នកជិះក្នុងរថយន្ត កូរ៉ូឡា រងរបួសធ្ងន់០១នាក់ ស្រាល០១នាក់ និងខូចមួយចំហៀងខាងឆ្វេង ហើយជ្រុលទៅបុករបងថ្ម របស់ម្ចាស់ឈ្មោះចន្ថា អាត ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិប្រាសាទ ឃុំរំលេច បណ្ដាលឲ្យបាក់អស់មួយផ្ទាំង ក្រោយឃើញហេតុការណ៍ដូចនេះ អ្នកបើកបររថយន្តបង្ក ឈ្មោះ ទិត សំណាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិអូរសោម ឃុំអូរសោម ស្រុកវាលវែង ខេត្តពោធិ៍សាត់ បានរត់គេចខ្លួនបាត់ ចំពោះជនរងគ្រោះទាំងពីរនាក់ ១-ឈ្មោះ បៀរ ប៊ន ភេទប្រុស អាយុ៧០ ជាអ្នកបើកបររថយន្តកូរ៉ូឡា រងរបួសស្រាល ត្រូវដៃខាងឆ្វេង ២-ឈ្មោះ ម៉ែន វឿន ភេទស្រី អាយុ៦៨ឆ្នាំ ត្រូវជាប្រពន្ធ ជាអ្នករួមដំណើរ រងរបួសធ្ងន់ចំច្រមុះនិងមាត់ ឆ្នាំ អ្នកទាំងពីរ រស់នៅភូមិកំពង់ក្តី ឃុំរំលេច ស្រុកបាកាន បច្ចុប្បន្នត្រូវបានសមត្ថកិច្ចបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកបាកាន ចំពោះវត្ថុតាងរថយន្តទាំងពីរគ្រឿងបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ