ពោធិ៍សាត់៖ កាលពីថ្ងៃអាទិត្យ០៩រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង១៤និង៤៥នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុង បានទទួលព័ត៌មានតាមរយៈទូរស័ព្ទពីលោក យោគ គី អនុភូមិជង្រុក បានរាយការណ៍ថាមានករណី ក្មេងស្រីលង់ទឹកប្រឡាយស្លាប់០១នាក់ កើតហេតុនៅចំណុចស្រះរំដេង ស្ថិតនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកតាលោសែនជ័យបានឲ្យដឹងថា ក្រោយពីទទួលព័ត៌មានរួច កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្ទះរុងចំនួន០៤នាក់ ដឹកនាំដោយលោក អនុសេនីយ៍ឯក សំ គ្រៀន ឋានៈនាយប៉ុស្តិ៍បានចុះដល់កន្លែងផ្ទះសាកសព ជនរងគ្រោះឈ្មោះ ផល្លី សៅវណ្ណី (ហៅនីត) ភេទស្រី អាយុ០៩ឆ្នាំ មានទីលំនៅភូមិឃុំកើតហេតុខាងលើ ក្នុងបន្ទុក សមត្ថកិច្ចបានពិនិត្យជុំវិញកន្លែងកេីតហេតុ និងការបំភ្លឺរបស់អាណាព្យាបាលថានៅថ្ងៃទី១៥ខែមករាឆ្នាំ២០២៣ វេលាម៉ោង១៣និង០៥នាទី កូនរបស់គាត់មានគ្នាចំនួន០២នាក់ ១–ឈ្មោះ ផល្លី សៅវណ្ណី និងទី២–ឈ្មោះ សាត នីសា ភេទស្រី អាយុ០៥ឆ្នាំ ក្នុងបន្ទុក បាននាំគ្នាទៅលេងទឹកប្រឡាយនៅពីខាងកេីតផ្ទះចម្ងាយប្រហែល១៥០ម៉ែត្រ ភ្លាមនោះក៏មានឈ្មោះ សាត នីសា បានរត់មកប្រាប់ម្តាយឈ្មោះ ធី នូ ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ថាឈ្មោះ ផល្លី សៅវណ្ណី បានលង់ទឹកហេីយ បន្ទាប់ពីលឺដូច្នេះម្តាយបានរត់ទៅមេីលក៏ឃេីញកូនកំពុងលង់ទឹក រួចក៏ចុះស្រង់ ដោយនៅមានដង្ហើម ក្រុមគ្រួសារបានបញ្ជូនក្មេងទៅសង្គ្រោះនៅមណ្ឌលសុខភាពតាសាស់ បានជួបលោកគ្រូពេទ្យថាក្មេងនេះបានដាច់ខ្យល់ស្លាប់ហេីយ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារដើម្បីធ្វើបុណ្យទៅតាមប្រពៃណី៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ