“បុណ្យអង្ករ” នឹងត្រូវរៀបចំធ្វើឡើងនៅក្នុងខេត្តមួយនេះ រយៈពេល ៣ថ្ងៃ

0

ភ្នំពេញ៖ យោងតាមសេចក្តីប្រកាសព័ត៌មាន ដែលផ្សព្វផ្សាយដោយក្លឹបទេសចរណ៍ខេត្តសៀមរាបបានបង្ហាញថា ដោយមានការផ្តួចផ្តើមពីសមគមក្លឹបទេសចរណ៍ខេត្តសៀមរាប និងសហព័ន្ធស្រូវអង្ករកម្ពុជានិងមានការសហការ និងសម្របសម្រួលពីក្រសួងទេសចរណ៍, ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ, ក្រសួងពាណិជ្ជកម្ម ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ, រដ្ឋ បាលខេត្តសៀមរាប, សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប និងភាគីពាក់ព័ន្ធដទៃ ទៀតបានរួមសហការប្រារព្ធពិធី “បុណ្យអង្ករ” ជាលើកទី១ ដែលនឹងប្រព្រឹត្តទៅរយៈពេល៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់ មាត់ស្ទឹងសៀមរាបលើទឹកដីខេត្តសៀមរាប។

គោលបំណងសំខាន់នៃពិធី “បុណ្យអង្ករ” គឺដើម្បីផ្សព្វផ្សាយសក្ដានុពលវិស័យស្រូវអង្ករកម្ពុជាដែលជា មាស “ស” របស់ព្រះរាជាណាចក្រកម្ពុជា ហើយកន្លងទៅថ្មីៗនេះដែរ អង្ករកម្ពុជាបានឈ្នះពានរង្វាន់ “អង្ករល្អដាច់គេរបស់ពិភពលោក” ដែលជាប្រភេទអង្ករម៉ាក “ម្លិះអង្គរ” ដែលផលិតចេញពីពូជស្រូវឈ្មោះ “ផ្ការំដួល” ក្នុងវេទិកាសន្និសីទ “អង្ករពិភពលោក” ដែលរៀបចំឡើងនៅទីក្រុងភូកេត ប្រទេសថៃ កាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២។

សូមបញ្ជាក់ផងដែរថា អង្ករម៉ាក “ម្លិះអង្គរ” ដែលមានពូជស្រូវឈ្មោះផ្ការំដួលធ្លាប់បានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោកចំនួន៤ដងរួចមកហើយ គឺនៅឆ្នាំ២០១២, ឆ្នាំ២០១៣, ឆ្នាំ២០១៤ និងឆ្នាំ២០១៨ ហើយឆ្នាំ២០២២កន្លងមកនេះជាលើកទី៥ ដែលអង្ករកម្ពុជាបានឈ្នះពានរង្វាន់អង្ករល្អបំផុតលើពិភពលោក។ បន្ថែមពីនេះទៀត “បុណ្យអង្ករ” មានគោលបំណងដើម្បីជំរុញចលនាទេសចរណ៍ផ្ទៃក្នុងឱ្យបានកាន់តែច្រើនក្រោមស្មារតីនៃយុទ្ធនាការ “ទស្សនាស្រុកយើងកម្ពុជាស្អាតនិងទីក្រុងស្អាតរមណីដ្ឋានស្អាតសេវាកម្មល្អ និងបដិសណ្ឋារកិច្ចល្អ”។

ជាមួយគ្នានេះដែរ ដើម្បីផ្សព្វផ្សាយទិសដៅទេសចរណ៍ដ៏មានសក្កានុពលក្នុងខេត្តសៀមរាបផលិតផលនិងសេវាកម្មទេសចរណ៍សម្បត្តិធម្មជាតិដ៏សម្បូរបែបព្រមជាមួយស្នាមញញឹមប្រកបដោយភាពកក់ក្តៅរួសរាយរាក់ទាក់របស់ប្រជាជនកម្ពុជា និងភាពងាយស្រួល ក្នុងការរៀបចំកម្មវិធីការតាំងបង្ហាញបានយ៉ាងល្អប្រណិតដែលជាឱកាសទាក់ទាញភ្ញៀវទេសចរណ៍បន្ថែមទៀតមកទស្សនា និងបានយល់ពីវប្បធម៌អរិយធម៌និងពង្រឹងការអនុវត្តយន្តការអភិបាលកិច្ចទេសចរណ៍ថ្មីដើម្បីបន្តធានាបាននូវភាពធន់ក្នុងវិស័យទេសចរណ៍ដែលជា “មាសបៃតង” របស់កម្ពុជា និងផ្សារភ្ជាប់វិស័យទេសចរណ៍ជាមួយផលិតផលក្នុងស្រុករួមចំណែកថែរក្សា និងលើកកម្ពស់ស្នាដៃច្នៃប្រឌិតរបស់ខ្មែរគ្រប់វិស័យដែលក្នុងនោះវិស័យទេសចរណ៍ និងកសិកម្មជាទិសដៅអាទិភាពរបស់ប្រជាជនកម្ពុជា។

លោក ហ្វីលីព កៅ ប្រធានសមាគមក្លឹបទេសចរណ៍ខេត្តសៀមរាប បានឱ្យដឹថា ក្នុងកម្មវិធី “បុណ្យអង្ករ” នេះនឹងប្រមូលផ្តុំនូវផលិតផលកែច្នៃពីអង្ករការបង្កើតថ្នាលស្រូវពណ៌ខៀវនិងពណ៌មាស ដើម្បីទុកសម្រាប់ភ្ញៀវទេសចរណ៍ថតកម្សាន្តនិងការចូលរួមរបស់បវរកញ្ញាអន្តរជាតិ(Miss Planet International)ជាដើម។

លោកប្រធានសមាគមក៏សូមគោរពដល់បងប្អូនជនរួមជាតិទាំងអស់ អញ្ជើញចូលរួមពិធី “បុណ្យអង្ករ” ឱ្យបានច្រើនកុះករ ដែលនឹងប្រព្រឹត្តទៅរយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី២៧ ដល់ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣ នៅបរិវេណសួនច្បារព្រះរាជដំណាក់មាត់ស្ទឹងសៀមរាបលើទឹកដីខេត្តសៀមរាប៕

ប្រភព៖ ក្រសួងព័ត៌មាន