ខេត្តកំពត ៖ ស្នងការដ្ឋាននគបាលខេត្តកំពត សូមបកស្រាយបន្ថែមពាក់ពន្ធ័ការឃាត់ទុកម៉ូតូកែច្នៃបំពង់សុីមាំង ពេលខ្លះការអនុវត្តភារៈកិច្ចរបស់សមត្ថកិច្ចអាចធ្វើឲ្យប៉ះពាល់ដល់អារម្មណ៍របស់ម្ចាស់ម៉តូ ជាក់ស្តែងដូចករណីដែលសមត្ថកិច្ចបានធ្វើការឃាត់ម៉ូតូដែលកែច្នៃបំពង់សុីមាំងកន្លងមក រួមទាំងម៉ូតូរបស់ជនជាតិជប៉ុននោះ ឯកឧត្តម អភិបាលខេត្ត លោកបានយកចិត្តទុកដាក់ខ្លាំងណាស់ ចំពោះសុខមាលភាពរបស់ប្រជាពលរដ្ឋ រួមទាំងភ្ញៀវជាតិ និងអន្តរជាតិដែលបានមកលេងនៅខេត្តកំពត ។ និយាយជារួមផ្លូវដែលបងប្អូនជិះម៉ូតូកែច្នៃបំពង់សុីមាំងភាគច្រើននៅផ្លូវមាត់ព្រែកចាប់ពីស្ពានកំពង់បាយរហូតដល់ផែកោះស្មៅ និងតាមទីតាំងផ្សេងៗទៀតក៏មាន! មូលហេតុអ្វីបានជា ឯកឧត្តម អភិបាលខេត្ត តែងតែបញ្ជាមកសមត្ថកិច្ចអោយធ្វើការឃាត់ម៉ូតូកែច្នៃទាំងអស់នោះ ពីព្រោះនៅលើដងផ្លូវមាត់ព្រែកមានមន្ទីរពេទ្យបង្អែកខេត្តដែលមានអ្នកជំងឺមកសំរាកព្យាបាលជាច្រើន មន្ទីរអង្គភាពផ្សេងៗក៏នៅលើដងផ្លូវស្របមាត់ព្រែក ជាពិសេសភ្ញៀវជាតិ និងអន្តរជាតិ ដែលមកកំសាន្តនៅខេត្តកំពត តែងតែមកកំសាន្តនៅតាមមាត់ព្រែកផងដែរ ពេលខ្លះអ្នកជិះម៉ូតូកែច្នៃបំពង់សុីមាំងបើកបរក្នុងល្បឿនលឿនៗដើម្បីធ្វើអោយសំលេងបានលឺខ្លាំង ហើយក៏អាចបណ្តាលអោយមានគ្រោះថ្នាក់ជាយថាហេតុក្នុងពេលបើកបរល្បឿនលឿនផងដែរ ។ ជាក់ស្តែងម៉ូតូដែលបានឃាត់ទុកត្រូវដោះចេញនូវសុីមាំងកែច្នៃមុននឹងប្រគល់ទៅឲ្យម្ចាស់វិញដោយមិនមានការពិន័យជាប្រាក់នោះឡើយ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ