សាហាវណាស់!! ប្រពន្ធជួលឃាតករតម្លៃ ១០០០ដុល្លារ អោយសម្លាប់ប្តីខ្លួនឯង

0

កណ្តាល ៖ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ មានករណីប្រទះឃើញសាកសពអណ្តែតនៅក្នុងប្រឡាយទឹក ស្ថិតនៅចំណុចភូមិព្រែកដូង ឃ៉ំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ សាកសពស្គាល់អត្តសញ្ញាណឈ្មោះ ខឹម ផល្លី ភេទប្រុស​ អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ ស្រុកកំណេីតភូមិថ្លុកដង្កា ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ មានទីលំនៅបច្ចុប្បន្ន សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

សភាពរឿងហេតុ ៖ នៅថ្ងៃ ខែ ឆ្នាំ វេលាម៉ោងខាងលើ មានប្រជាពលរដ្ឋបានប្រទះឃើញសពអណ្ដែតទឹកមួយ នៅក្នុងប្រឡាយទឹកវិរះប្រាំ ដែលមានទទឹង០៦ម៉ែត្រ ជម្រៅប្រហែល២.៣០ម៉ែត ចំងាយពីផ្លូវល្បឿនលឿនប្រហែល១០០០ម៉ែត្រ ក្នុងភូមិព្រែកដូង ឃុំកំពង់ស្វាយ ស្រុកកៀនស្វាយ ខេត្តកណ្តាល ហើយគាត់ក៏បានរាយការណ៍មកសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ស្វាយ ភ្លាមនោះ កម្លាំងប៉ុស្តិ៍បានរាយការណ៍មកជំនាញពិនិត្យ និងវិភាគកន្លែងកើតហេតុស្រុក និងអាជ្ញាធរភូមិឃុំ គ្រូពេទ្យ ដើម្បីចុះមកពិនិត្យសាកសពអណ្តែតទឹកនោះ ។ ការពិនិត្យសាកសពឃើញថាសាកសពស្លាប់ដោយសាររឹតក និងឆក់ (ឃាតកម្ម) ។

ផ្អែកតាមចម្លេីយប្រពន្ធជនរងគ្រោះឈ្មោះ សាំង​ ធីតា​ អាយុ៣៤ឆ្នាំ​ ជនជាតិខ្មែរ​ បានសារភាពថា​ខ្លួន​ និងឈ្មោះ​ វី​ ភេទ​ប្រុស​ អាយុប្រហែលជិត៤០ឆ្នាំ​ ជនជាតិខ្មែរ​ មុខរបរជាងសំណង់​ ជាអ្នកសម្លាប់ប្តី​របស់ខ្លួន​ ដោយធ្វេីការឆក់​ និងរិតក​ សម្លាប់ ​។ ដោយអនុវត្តតាមបទបញ្ជារបស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ឯកឧត្តម ឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានបញ្ជាឲ្យលោកឧត្តមសេនីយ៍ត្រី ខេង ម៉េងឈាង អនុប្រធាននាយកដ្ឋាន ដឹកនាំកម្លាំងជំនាញ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីស្រាវជ្រាវចាប់ខ្លួនជនដៃដល់ ។

រហូតដល់វេលាថ្ងៃត្រង់ ថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៣នេះ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានចាប់ខ្លួនជនដៃដល់ឈ្មោះ វី ដែលស៉ីឈ្នួលសម្លាប់ជនរងគ្រោះ ក្នុងតម្លៃ ១០០០ដុល្លារ ពីប្រពន្ធជនរងគ្រោះ ។

បច្ចុប្បន្នជនដៃដល់ និងប្រពន្ធជនរងគ្រោះ ត្រូវបានប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ដើម្បីចាត់ការបន្ដតាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ