ភ្នំពេញ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងថា ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចនៅពេលខាងមុខទៅកាន់ប្រទេសចិន នឹងមានគម្រោងថ្មីៗថែមទៀតផងដែរ ដែលត្រូវពឹងពាក់ពីមិត្តចិនដើម្បីជួយអភិវឌ្ឍន៍កម្ពុជា ក្នុងនោះប្រហែលជាទាក់ទិននឹងគម្រោងស្ដីពីផ្លូវរថភ្លើងល្បឿនលឿនផងដែរ។
ថ្លែងក្នុងពិធីជួបជុំជាមួយអ្នកសារព័ត៌មានលើកទី៥ នារសៀលថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលសន្និ បាត និងពិព័រណ៍កោះពេជ្រ សម្ដេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា៖ «ខ្ញុំសង្ឃឹមថាទស្សនកិច្ចរបស់ខ្ញុំនៅពេលខាងមុខ នឹងមានគម្រោងថ្មីៗថែមទៀតដែរ ដែលត្រូវពឹងពាក់ពីមិត្តចិនដើម្បីអភិវឌ្ឍន៍កម្ពុជា ក្នុងនោះប្រហែលជាយើងត្រូវរៀបចំទាក់ទិននឹងគម្រោងស្ដីពីផ្លូវរថភ្លើងល្បឿនលឿន។ដោយសារតែយើងមានផ្លូវរថភ្លើងរួចហើយ តែផ្លូវដែករបស់យើងមិនអាចប្រើប្រាស់បានទាន់ពេលទេប្រហែលជាយើងមានគម្រោងនេះដើម្បីស្នើឱ្យមិត្តចិនជួយនៅក្នុងការកសាងផ្លូវដែករបស់កម្ពុជា»។ សម្តេចតេជោបានថ្លែងថា នៅមានគម្រោងដទៃទៀត និងកិច្ចសហប្រតិបត្តិការដទៃទៀតដែលត្រូវធ្វើ។ សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានបន្ដថា ដើមឡើយគ្រោងធ្វើទស្សនកិច្ចនៅថ្ងៃទី ០២ ខែមករា ឆ្នាំ២០២៣ ប៉ុន្តែដោយសារតែមានការសម្របសម្រួលសារជាថ្មីនោះគឺបានកំណត់យកនៅថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះ។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ទស្សនកិច្ចនេះត្រូវបានឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង គឺកំណត់ព្រោះវាជាខួបនៃទស្សនកិច្ចដែលនៅពេលដែលគេភ័យខ្លាចគ្រប់គ្នានៅក្នុងប្រទេសចិន នោះកាលពីឆ្នាំ២០២០ ។ពេលនោះអ្នកដទៃបាននាំគ្នាដកនិស្សិត ដកប្រជាពលរដ្ឋចេញពីប្រទេសចិន គេខ្លាចប្រទេសចិន ក្នុងដំណាក់កាលកូវីដ។ ក៏ប៉ុន្តែខ្ញុំវិញ បែរជាទៅកាន់ប្រទេសចិន។ ដូច្នេះវាជាខួបលើកទី៣ នៃថ្ងៃដែលខ្ញុំទស្សនកិច្ចនៅក្នុងប្រទេសចិន ។ ដើម្បីជូនសារទៅលើសាមគ្គីភាពរវាងប្រជាជនកម្ពុជានិងប្រជាជនចិន ក្នុងដំណាក់កាលដ៏លំបាកនេះជាសារទី១។ ឯកសារទី២ សុំឱ្យនិស្សិតខ្មែរទាំងឡាយរស់នៅជាមួយប្រជាជនចិន និងជូនសារមកឪពុកម្ដាយ មាតាបិតា និស្សិតកុំឱ្យមានការភ័យខ្លាច»។
សម្តេចតេជោនាយករដ្ឋមន្រ្ដីបានឱ្យដឹងទៀតថា ខួប ៦៥ ឆ្នាំនៃទំនាក់ទំនងរវាងកម្ពុជានិងចិន ដែលរឿងនេះ វាជារឿងនៃរបបប្រវត្តិសាស្ត្រមួយ ហើយសំខាន់ចំពោះអ្វីដែលបានកើតឡើងរួចមកហើយ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិនត្រូវបានចូល ជាធរមាន។ ឥឡូវនេះការជំរុញពាណិជ្ជកម្មរវាងប្រទេសទាំងពីរមានចំនួនកាន់តែច្រើន និងកិច្ចសហប្រតិបត្តិការនានាក៏ធ្វើកាន់តែច្រើន។ សម្ដេចតេជោបានថ្លែងបន្ថែមថា៖ «ទស្សនកិច្ចរបស់ខ្ញុំនេះ វាជាការរៀបចំមួយ ដើម្បីរម្លឹកទៅដល់ពេលវេលាដ៏លំបាកវាជាខួបលើកទីបីនៃថ្ងៃ ដែលខ្ញុំទស្សនកិច្ចក្នុងពេលវេលាដែលគេទាំងឡាយបានភ័យខ្លាច និងរត់ចោលប្រទេសចិន។ ឯខ្ញុំបែរជាទៅកាន់ប្រទេសចិន»៕
ប្រភព៖ ក្រសួងព័ត៌មាន