រថយន្តធុនធ្ងន់ដឹកលូដាច់ហ្វ្រាំងបុករះ រថយន្ត និងម៉ូតូ

0

បន្ទាយ​មាន​ជ័យ ៖ នៅ​រសៀល​ថ្ងៃ​សុក្រ ៧ រោច ខែបុស្ស ឆ្នាំខាល ចត្វា​ស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវ​នឹង​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ យ៉ាង​ហោច​ណាស់​ក៏​មាន​រថយន្ត​ម៉ាក​Camry Prius ចំនួន​០២​គ្រឿង ម៉ូតូ​០១​គ្រឿង​និង​ផ្ទះ​ចំនួន​០២​ល្វែង ត្រូវ​បាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ដឹក​លូ​ដាច់​ហ្វ្រាំង​បុក​រៈ បង្ក​ឲ្យ​ខូចខាត​ធ្ងន់ធ្ងរ ។ ហេតុការណ៍​គួរ​ឲ្យ​រន្ធត់​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១២​និង​៥០​នាទី លើ​កំណាត់ ផ្លូវជាតិ​លេខ​៦ ត្រង់​ចំណុច​ផ្លូវបំបែក​ជា​៤​ភ្លើងស្តុប ស្ថិត​នៅ​ភូមិ​ចក្រី ឃុំ​ជប់​វា​រី ស្រុក​ព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។

លោក​វរសេនីយ៍ទោ ទេព រ​ដ្ឋា អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ មាន​រថយន្ត​ម៉ាក​Camry Prius ចំនួន​០២​គ្រឿង ក្នុង​នោះ ០១​គ្រឿង ពណ៌​បៃតង ពាក់​ស្លាក​លេខ ភ្នំពេញ 2AW-5040 បើកបរ​ដោយ​ឈ្មោះ វិ​ន សុ​ស៊ា ភេទ​ប្រុស អាយុ​៣៧​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ០១​គ្រឿង​ទៀត ម៉ាក​Camry Prius ព​ណ៍​ស ស្លាក​លេខ​ភ្នំពេញ 2BG-2569 បើកបរ​ដោយ​ឈ្មោះ ភិន សុ​ដា ភេទ​ស្រី អាយុ​៣០​ឆ្នាំ នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​/​ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ និង​ម៉ូតូ​01​គ្រឿង​C125 ផ្លា​ក​លេខ​ប​-​មាន​ជ័យ​-1G-8970 បើកបរ​ដោយ​ឈ្មោះ ស៊ូ សំ​អាន ភេទ​ប្រុស អាយុ​៣១​ឆ្នាំ នៅ​ភូមិ​និ​មិ​ត្តិ​៣ សង្កាត់​/ ក្រុង​ប៉ោយ​ប៉ែ​ត ខេត្តបន្ទាយមានជ័យ ។ រថយន្ត​និង​ម៉ូតូ​ធ្វើ​ដំណើរ​ពី​ទិស​ខាង​លិចទៅ​កើត​បាន​ឈប់​នៅ​ចំណុច​ភ្លើងស្តុប​រង​ចាំ​ភ្លើង​ក្រហម​លោត​ចេញ​ពណ៌​បៃតង​ដើម្បី​បន្តដំណើរ ស្រប​ពេល​នោះ មាន​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ស​ដឹក​លូ គ្មាន​ផ្លា​ក​លេខ បើក​ក្នុង​ល្បឿន​យ៉ាង​លឿន​ជាន់​ហ្វ្រាំ​មិន​ជាប់​ក៏​ជ្រុល​ទៅ​បុក​រៈ​រថយន្ត​ម៉ាក​ព្រូស​០២​គ្រឿង​និង​ម៉ូតូ​០១​គ្រឿង​ដែល​ឈប់​នៅ​កន្លែង​ភ្លើងស្តុប​រង​ចាំ​ភ្លើង​បៃតង រួច​បាន​បន្ត​ទៅ​បុក​ផ្ទះល្វែង​នៅ​ក្បែរ​នោះ ខូច​អស់​០២​ល្វែង​បន្ថែម​ទៀត​ទើប​រថយន្ត​ទៅ​ណា​លេង​រួច ហើយ​អ្នកបើកបរ​ក្រោយ​ពី​បង្ក​គ្រោះថ្នាក់​បាន​បើកទ្វារ​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល បន្សល់​ទុក​តែ​រថយន្ត​នៅ​កន្លែង​កើតហេតុ ។

លោក​អធិការ​បាន​បញ្ជាក់​ថា ៖ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ មិន​បង្ក​ឲ្យ​មាន​មនុស្ស​រងគ្រោះថ្នាក់​នោះ​ទេ ខូចខាត​ធ្ងន់​តែ​សម្ភារៈ​មាន ៖ រថយន្ត​បង្ក​០១​គ្រឿង រថយន្ត​ម៉ាក​Camry Prius ចំនួន​០២​គ្រឿង ម៉ូតូ​០១​គ្រឿង និង​ផ្ទះ​០២​ល្វែង​។ បច្ចុប្បន្ន​ម្លាំ​ង​នគរបាល​ជំនាញ​ចរាចរណ៍ អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ​កំពុង​ស្រាវជ្រាវ​រក​អ្នកបើកបរ​រថយន្ត​បង្ក​នោះ មក​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​៕

ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ