ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា គិតត្រឹមឱសានវាទកំណត់ត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ ឃើញថា មានរថយន្ដចង្កូតស្ដាំចំនួន ៧ ៩១០ គ្រឿង ដែលម្ចាស់បានចូលខ្លួនមកបំពេញកាតព្វកិច្ចបង់ពន្ធ និងអាករ ហើយទទួលបានពន្ធ និងអាករ ប្រមាណជាង២៦លានដុល្លារអាម៉េរិក។ ការគូសបញ្ជាក់របស់ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីនេះ ក្នុងសនិ្នសីទសារព័ត៌មានស្ដីពី លទ្ធផលបិទបញ្ចប់ការងារប្រមូលពន្ធ អាករលើរថយន្ដគ្មានពន្ធ មានស្រាប់ក្នុងប្រទេស កាលពីរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។
ឯកឧត្ដមបណ្ឌិត គុណ ញឹម បានថ្លែងថា ក្នុងដំណាក់កាលទី២នេះ មានរថយន្ដចង្កូតស្ដាំបានចុះបញ្ជីចំនួន ៩ ៨៥៥ គ្រឿង គឺមានតែរថយន្ដចំនួន ៧ ៩១០ គ្រឿង ដែលបានមកបំពេញកាតព្វកិច្ចពន្ធអាករ។ ដូច្នេះ នៅសល់រថយន្ដចង្កូតស្ដាំចំនួន ១ ៩៤៥ គ្រឿង ដែលម្ចាស់មកចុះបញ្ជីហើយ តែអត់បានមកបំពេញកាតព្វកិច្ចបង់ពន្ធអាករ។ ឯកឧត្ដមបណ្ឌិតបន្ដថា ក្នុងដំណាក់កាលទី២នេះ បើគិតត្រឹមថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ មានម្ចាស់រថយន្ដចង្កូតស្ដាំ មកចុះបញ្ជី និងបង់ពន្ធសរុបចំនួន ៩ ៨៥៥ គ្រឿង ខណៈដំណាក់កាលទី១ ម្ចាស់រថយន្ដចង្កូតស្ដាំ ចូលមកបង់ពន្ធ និងប្រាក់កក់ ចំនួន ៧ ០៤០ គ្រឿង។ ឯកឧត្ដមបណ្ឌិតបានថ្លែងបញ្ជាក់ថា ចំណុចនេះ ក្នុងដំណាក់កាលទី២នេះ មានរថយន្ដចង្កូតស្ដាំ ដែលម្ចាស់ចូលមកបង់ពន្ធច្រើនជាងដំណាក់កាលទី១នោះ គឺភ្ជាប់ទៅនឹងការអនុគ្រោះ ហើយការអនុគ្រោះនេះ ម្ចាស់បង់ពន្ធដោយមិនកែចង្កូត ជារួមគោលការណ៍នេះបានអនុញ្ញាតឱ្យម្ចាស់រថយន្ដចង្កូតស្ដាំដែលនៅសេសសល់ចុងក្រោយ។ ឯកឧត្ដមបណ្ឌិតបានពន្យល់ថា ចំពោះពន្ធអាករដែលអគ្គនាយកដ្ឋានគយ ប្រមូលបានក្នុងដំណាក់កាលទី២នេះគឺមានចំនួនតិច ចំនួនរថយន្ដច្រើន តែប្រាក់ពន្ធ និងអាករតិចដោយសារតែជាប្រភេទរថយន្ដដឹក និងរថយន្ដចាស់ៗ ពីព្រោះរថយន្ដដឹកអត្រាពន្ធវាទាបជាងរថយន្ដទេសចរណ៍ ឬរថយន្ដគ្រួសារ។ «ចំនួនរថយន្ដចង្កូតស្ដាំដែលនៅសេសសល់ប្រមាណ ៩ ៨៥៥ គ្រឿង ក្នុងនោះ រថយន្ដដែលបានចុះបញ្ជីរួច ហើយដំណាក់កាលទី១ រថយន្ដចង្កូតស្ដាំដែលបានមកតម្កល់ប្រាក់កក់នោះ និងកែចង្កូតនោះ មានចំនួន ៧ ០២៧ គ្រឿង ហើយពន្ធអាករ ដែលប្រមូលបានមានជិត៤២លានដុល្លារ»។ នេះជាការបញ្ជាក់បន្ថែមរបស់ឯកឧត្ដមបណ្ឌិត គុណ ញឹម
ឯកឧត្ដមបណ្ឌិតបានអះអាងថា ក្នុងដំណាក់កាលទី១នោះ ការប្រមូលបានពន្ធ និងអាករច្រើននេះ ដោយសារតែមានរថយន្ដប្រភេទទេសចរណ៍ រថយន្ដដែលជាប់អត្រា ពន្ធអាករខ្ពស់ រថយន្ដដែលមានឆ្នាំផលិតវាមិនចាស់ទ្រុតទ្រោម ដែលវាមានភាពខុសគ្នារវាងបរិមាណ និងការប្រមូលពន្ធអាករ ដែលប្រមូលបានគឺវាមានការបង្កប់ន័យត្រង់ចំណុចហ្នឹង។
ឯកឧត្ដមបណ្ឌិតរដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «យើងបានឱ្យកម្លាំងចាត់ចែងកម្លាំងចុះផ្សព្វផ្សាយដល់ទីតាំងការដ្ឋាន ការងារផង បានទាក់ទងតាមទូរសព្ទទៅម្ចាស់រថយន្ដផង ប៉ុន្ដែមានមូលហេតុផ្សេងៗគ្នាដែល ធ្វើឱ្យម្ចាស់ខកខានមិនបានចូលខ្លួនមកបំពេញកាតព្វកិច្ចពន្ធ និងអាករ។ ជារួមនៅក្នុងដំណាក់កាលទី២នេះ យើងប្រឹងប្រែងប្រមូល និងចំណាយកម្លាំងក៏ច្រើន ពេលវេលាក៏ច្រើនពីព្រោះសុទ្ធសឹងតែប្រភេទរថយន្ដដឹកដី ដឹកថ្ម ដឹកខ្សាច់។ អីចឹងហើយត្រូវការកម្លាំងចុះទៅដល់ការដ្ឋាន ចុះទៅដល់ស្រុក ឃុំ និងចុះទៅដល់ផ្ទះម្ចាស់រថយន្ដចង្កូតស្ដាំកាន់កាប់»៕
ប្រភព៖ ក្រសួងព័ត៌មាន