បន្ទាយមានជ័យ ៖ មនុស្សប្រុស ស្រី ចំនួន០២នាក់ បានបាត់បង់ជីវិត ក្នុងចំណោម០៣នាក់ ដោយពុលស្រាអុក ។ ហេតុការណ៍ពុលស្រានេះ បានកើតឡើងនៅថ្ងៃព្រហស្បតិ៍ ៦ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែមករា ឆ្នាំ២០២៣ នៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ។
នគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ៖ ជនរងគ្រោះស្លាប់ដោយពុលស្រា ២នាក់, ១/ឈ្មោះ ហ៊ាន ប៊ុនណារ៉ាត់ ភេទប្រុស អាយុ៤៧ ឆ្នាំ រស់នៅភូមិ គីឡូលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត, ២/ឈ្មោះ ពេក អានី ភេទស្រី អាយុ ៣៦ ឆ្នាំ ជា(ម្ចាស់ផ្ទះ) រស់នៅបូរីមានជ័យ,ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត និង០១នាក់ទៀតមិនទាន់ស្គាល់ឈ្មោះកំពុងសង្គ្រោះ ។
នគរបាលបានឲ្យដឹងទៀតថា ៖ មុនពេលកើតហេតុ ជនរងគ្រោះបាននាំគ្នាទិញស្រាអុកផឹក នៅផ្ទះឈ្មោះ ពេក អានី ភេទស្រី អាយុ៣៦ឆ្នាំ ក្រោយមកក៏បានពុលស្រានោះទាំង០៣នាក់ ហើយដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែក មិត្តភាពកម្ពុជា-ជប៉ុន នៅស្រុកមង្គលបូរី បន្ទាប់មកមាន០២នាក់ បានស្លាប់នៅទីនោះ ។សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិរៀបចំធ្វើបុណ្យរៀងៗខ្លួន ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ