ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ សម្រេចបាន៦៣ភាគរយ

0

សៀមរាប៖ គណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានជំរុញឱ្យក្រុម ហ៊ុនសាងសង់ពន្លឿនឱ្យបានចប់នៅត្រឹមដំណាច់ខែមីនាខាងមុខនេះ និងអាចដាក់ឱ្យដំណើរការបាននៅចុងឆ្នាំ២០២៣។

ថ្លែងក្នុងកិច្ចប្រជុំបូកសរុបការងារប្រចាំឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ កាលពីម្សិលមិញ ឯកឧត្តម តឹករ៉េត សំរេច ប្រធានគណៈកម្មការតម្រង់ទិសសម្រាប់ការសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បានធ្វើការណែនាំឱ្យក្រុមការងារបច្ចេកទេសរបស់ក្រុមហ៊ុនសាងសង់ បន្តធ្វើការឱ្យកាន់តែជិតស្និទជាមួយរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់ការទទួលស្គាល់លក្ខណៈបច្ចេកទេស របស់អាកាសយានដ្ឋាន។ ជាមួយគ្នានេះ ក៏ណែនាំឱ្យក្រុមការងារបច្ចេកទេសរៀបចំសំណុំលិខិត និងឯកសារនានា ដើម្បីដាក់ស្នើសុំការបញ្ជាក់ការវាយតម្លៃគុណភាពសំណង់ ពីក្រសួងដែនដីនគររូបនីយកម្ម និងសំណង់ និងលិខិតបញ្ជាក់គុណភាពផ្សេងៗទៀត ជាមួយស្ថាប័នមានសមត្ថកិច្ចឱ្យបានរួចរាល់។

តាមរបាយការណ៍បូកសរុបការងាររបស់ក្រុមហ៊ុន AIAI ដែលជាក្រុមហ៊ុនអនុវត្តគម្រោង បានឱ្យដឹងថា គិតត្រឹមដំណាច់ឆ្នាំ២០២២ គម្រោងទាំងមូលសម្រេចបាន៦៣ភាគរយ ដែលយឺតតិចតួចជាងការគ្រោងទុកកាលពីដើមឆ្នាំ ដោយសារតែការរាំងស្ទះនៃការនាំចូលឧបករណ៍បរិក្ខារសំណង់ពីប្រទេសចិនបណ្តាលមកពីបញ្ហាកូវីដ-១៩។ ក្រុមហ៊ុនបានដាក់ចេញនូវផែនការ២០២៣ ដោយប្តេជ្ញាចិត្តនឹងសម្រេចឱ្យការងារសាងសង់បាន៩០ភាគរយ នៅត្រឹមដំណាច់ខែមីនា និងអាចបើកឱ្យដំណើរការបាននៅខែតុលា ឆ្នាំ២០២៣។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរថ្មី ស្ថិតនៅលើផ្ទៃដីជាង៧០០ហិកតា នៃស្រុកសូទ្រនិគម ខេត្ដសៀមរាប បានបើកការដ្ឋានសាងសង់ កាលពី ដើមឆ្នាំ២០២០ ដោយក្រុមហ៊ុនឯកជនពីប្រទេសចិន ក្នុងទឹកប្រាក់ជិត៩០០លានដុល្លារអាមេរិក។ នៅពេលសាងសង់រួចរាល់ អាកាសយានដ្ឋាននេះ អាចឱ្យយន្តហោះដឹកអ្នកដំណើរធុនមធ្យមប្រភេទប៊ូអ៊ីង៧៣៧ និងអ៊ែរប៊ឺសA៣២០ចុះចតបាន ជាមួយក្តីរំពឹងទទួលអ្នកដំណើរឆ្លងកាត់ពី៧ទៅ១០លាននាក់ ក្នុងមួយឆ្នាំ៕

ប្រភព៖ ក្រសួងព័ត៌មាន