ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបកនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ថា ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង នឹងគ្រោងកោះហៅអភិបាលរាជធានី-ខេត្ត មកធ្វើរបាយការណ៍ជូនសម្តេចដោយគ្មានលាក់បាំង។
ការបញ្ជាក់របស់សម្តេចក្រឡាហោម ស ខេង ធ្វើឡើងក្នុងវេទិកាស្តីពីភាពជាដៃគូ រវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល នាព្រឹកថ្ងៃអង្គារ ៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១០ មករាឆ្នាំ២០២២នេះ នៅសណ្ឋាគារសុខា។
សម្តេចក្រឡាហោម ស ខេង បានលើកឡើងថា ក្នុងមួយថ្ងៃជាមធ្យមយើងទទួលបាន បណ្តឹងជាង១០ ចាប់ពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២មក ហើយមកដល់ពេលនេះក្នុងមួយថ្ងៃ មាន ១បណ្តឹង ឬក៏គ្មានបណ្តឹងផងដែរ។ សម្តេចបញ្ជាក់ថា « នេះជាលទ្ធផលដែលយើងបាន ដោះស្រាយក្នុងការជួយជនរងគ្រោះបានជាក់លាក់ បន្ទាប់ពីមានបណ្តឹងសុំឱ្យជួយ »។ សម្តេចក៏បានឱ្យអភិបាលរាជធានី-ខេត្ត ត្រូវតែធ្វើការដោះស្រាយចំពោះពាក្យបណ្តឹងរបស់ជនរងគ្រោះថា ឱ្យបានអស់និងច្បាស់លាស់ ដោយមិនត្រូវទុកចោល ឬធ្វើលំៗស្រាលៗ និងផ្សំគំនិតនោះទេ។
ជាមួយគ្នានោះដែរសម្តេចក្រឡាហោម បានព្រមានថា បើសិនអភិបាលរាជធានី-ខេត្ត សមត្ថកិច្ច មានការបិទបាំងបទល្មើស នៅពេលទទួលបានបណ្តឹងហើយ មិនបានដោះស្រាយ ថ្ងៃណាមួយនឹងរកឃើញជាមិនខាន ហើយការបិទបាំងមានន័យថា យើងគាំទ្រនូវអំពើទុច្ចរិត ក្នុងនោះពេលយើងចុះទៅ គឺយើងហ្នឹងឃើញនូវប្រភេទបទល្មើសព្រមគ្នា បើមិនមួយក៏ពីរឬក៏បីដែរ»។ សម្តេចបានលើកជាឧទារហណ៍ថា បើនៅកន្លែងមួយបើកការរកស៊ីអនឡាញ សួរថាមានច្បាប់ទេ? បើអត់មាន នេះជាបទល្មើសមួយ។ មួយទៀតអ្នកធ្វើការនៅអនឡាញមានវីសារចូលមកកម្ពុជា បើអត់មានគឺបទល្មើសមួយទៀត ។ តែបើមានវីសារទេសចរណ៍ តែមកធ្វើការនោះក៏ជាកំហុសមួយដែរ។ ជាមួយគ្នានោះដែរសម្តេច ក៏បានឱ្យដឹងថា បើសិនអភិបាល រាជធានី-ខេត្ត នៅតែធ្វើការលំៗស្រាលៗឱ្យតែរួចពីដៃ នៅថ្ងៃណាមួយសម្តេចនឹងកោះហៅមកត្រួតពិនិត្យ និងឱ្យធ្វើរបាយការណ៍ជូនសម្តេច តាមករណីនីមួយៗតែម្តង។
សម្តេចក្រឡាហោមលើកឡើងថា រហូតមកដល់ពេលនេះ ក្រសួងមហាផ្ទៃបានទទួលពាក្យបណ្តឹង ៧០០ពាក្យបណ្តឹង ហើយពាក្យបណ្តឹងមកពីខេត្តណាចំនួនប៉ុន្មាន?គឺមាននៅក្នុងបញ្ជីអស់ហើយ ដូច្នេះមិនអាចលាក់បាំងកើតនោះទេ។ សម្តេចបញ្ជាក់ថា «អីចឹងហើយនឹងធ្វើគណនេយ្យភាព ហៅមកពិនិត្យតាមខេត្តនីមួយៗមកបញ្ជាក់លម្អិត ឱ្យច្បាស់លាស់ ហ្មត់ចត់។ បើមន្ត្រីនគរបាលធ្វើការមិនច្បាស់លាស់ គឺមិនស្មោះត្រង់នឹងវិជ្ជាជីវៈ »។
សម្តេចឧបកនាយរដ្ឋមន្ត្រី ស ខេង បានគូសបញ្ជាក់ថា ពេលនេះរាជរដ្ឋាភិបាល បាននិងកំពុងតែយកចិត្តទុកដាក់ ក្នុងការរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងការប្រយុទ្ធ ប្រឆាំងនឹងបទល្មើសផ្សេងទៀត។ ក្នុងនោះអំពើជួញដូរមនុស្សគ្រប់ទម្រង់ ត្រូវបន្តធ្វើការងារហ្នឹងមិនត្រូវទម្លាក់ដៃនោះទេ។ សម្តេចបន្តថា បទល្មើសជួញដូរមនុស្ស ជាបទល្មើសមួយកើតឡើងមានភាពស្មុគស្មាញណាស់ ហើយជាការរំលោភសិទ្ធិមនុស្សផង ហើយក៏មានបទល្មើសផ្សេងទៀតដូចជា ចោរលួច ចោរប្លន់ ផងដែរ៕
ប្រភព៖ ក្រសួងព័ត៌មាន