ភ្នំពេញ ៖ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា គ្មានគម្រោងឥណទានណាមួយ ដែលត្រូវបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវីដ-១៩ នោះទេ ដែលបានជំរុញដល់ការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធកម្ពុជាឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
ក្នុងកិច្ចសម្ភាន៍ជាមួយអ្នកសារព័ត៌មាន ឯកឧត្ដម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍ថា មិនមានគម្រោងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធស្ពាន ផ្លូវថ្នល់ ដែលត្រូវបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវី-១៩នោះទេ ដែលជាឥណទានមកពីប្រទេសចិន កូរ៉េ ជប៉ុន ធនាគារពិភពលោក ឬធនាគារអភិវឌ្ឍន៍អាស៊ី ជាដើម។
ឯកឧត្តម បានបន្តថា បន្ថែមពីគ្មានគម្រោងដែលត្រូវបានលុបចោល ដោយសារវិបត្តិនៃជំងឺកូវី-១៩ហើយនោះ រាជរដ្ឋាភិបាល ក៏បានយកថវិកា សន្សំ ទៅជួសជុលពង្រីកពង្រឹងផ្លូវចំនួន៣៧ខ្សែ នៅក្រុងព្រះសីហនុ និងសាងសង់ផ្លូវលេខ១៤៦B ដែលតភ្ជាប់ពីកំពង់ផែមកផ្លូវជាតិលេខ៤។ បន្ថែមពីនោះទៀត រាជរដ្ឋាភិបាល ក៏បានយកថវិកាសន្សំ១៥០ លានដុល្លារ កសាងផ្លូវចំនួន៣៨ខ្សែ នៅខេត្តសៀមរាបផងដែរ ។
« គឺមិនមានគម្រោងណាមួយដែលបានបាត់បង់ដោយសារជំងឺកូវីដ១៩ ឬការមិនឱ្យខ្ចីប្រាក់ កម្ចីឥណទានមកពីបរទេសទេ ថែមទាំងយកថវិកាជាតិ ដើម្បីពង្រឹកពង្រឹងផ្លូវថែមទៀត។ កូវីដ១៩ ដោយសារមានការដឹកនាំដល់ត្រឹមត្រូវរបស់សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែល បានចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋ ដែលយើងមានឱកាសបើកប្រទេសឡើងវិញ ដើម្បីសេដ្ឋកិច្ចជាតិមានការរីកចម្រើន។ ដូច្នេះពេលយើងសាងសង់ផ្លូវ នៅសៀមរាប និងក្រុងព្រះសីហនុ អត់មានទេសចរណ៍ដូច្នេះវាស្រួល ដល់យើងបើកប្រទេស ទេសចរណ៍មកភ្លាម ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធរបស់យើងបានល្អហើយស្រេច »។
សូមបញ្ជាក់ថា គម្រោងហេដ្ឋារចនាសម្ព័ន្ធទាំងអស់បាននិងកំពុងដើរតួនាទីយ៉ាងសំខាន់មិនត្រឹមតែក្នុងការលើកកម្ពស់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងក្នុងការលើកកម្ពស់កំណើន សេដ្ឋកិច្ច និងការធ្វើទំនើបកម្មតំបន់ជនបទផងដែរ។ បន្ថែមពីនោះ បានរួមចំណែកយ៉ាងធំធេងដល់ការធ្វើចរាចរណ៍របស់ប្រជាជន និងការដឹកជញ្ជូនផលិតផលកសិកម្មនៅតាមបណ្តាខេត្តនានា និងបានក្លាយជាបណ្តាញដឹកជញ្ជូនដ៏សំខាន់នៅក្នុងព្រះរាជាណាចក្រកម្ពុជា៕
ប្រភព៖ ក្រសួងព័ត៌មាន