លម្អិតករណីអគ្គីភ័យឆាបឆេះផ្ទះលក់​គ្រឿង​សង្ហា​រឹម នៅម្តុំស្តុបចំការមន

0

ភ្នំពេញ៖ ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង ១២​និង​០០​នាទី​ថ្ងៃត្រង់ ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២២ ដែល​ស្ថិត​នៅ​ចំណុច​ផ្ទះ​លក់​គ្រឿង​សង្ហា​រឹម តាម​បណ្តោយ​ផ្លូវ​ព្រះ​សុធារស កែង​ផ្លូវ​ព្រះ​នរោត្តម ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន នាយការិយាល័យ​នគរបាល​បង្ការ​ពន្លត់​អគ្គិភ័យ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ឲ្យ​ដឹង​ថា ដោយ​ទទួល​បាល​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ​បាន​រាយការណ៍​មក​កាន់​លេខ​ទូរស័ព្ទ​បន្ទាន់​របស់​ការិយាល័យ ដោយ​បាន​បញ្ជាក់​ថា មាន​ករណី​គ្រោះ​អគ្គិភ័យ​នៅ​ចំណុច​ស្តុ​ប​ចំការមន ឆេះ​ផ្ទះ​លក់​គ្រឿង​តុទូរ​។ ក្រោយ​ពី​ទទួល​បាន​សេចក្តីរាយការណ៍​ពី​ប្រជាពលរដ្ឋ​រួច​មក លោក​បាន​បញ្ជា​ឲ្យ​រថយន្ត​ពន្លត់​អគ្គិភ័យ​គ្រប់​គោលដៅ​ក្នុង​រាជធានី​ភ្នំពេញ ធ្វើការ​អន្តរាគមន៍​ជា​បន្តបន្ទាប់ ដើម្បី​អន្តរាគមន៍​ជួយ​សង្គ្រោះ​ឲ្យ​បាន​ទាន់​ពេលវេលា​ម៉ោង​។

លោកនាយ​ការិយាល័យ បាន​បន្ត​ថា ហេតុការណ៍​គ្រោះ​អគ្គិភ័យ​ខាងលើ​នេះ គឺ​កម្លាំង​សមត្ថកិច្ច​ជំនាញ​របស់​យើង​កំពុងធ្វើការ​ស្រាវជ្រាវ ហើយ​ក្នុង​នោះ​ធ្វើ​ឲ្យ​ខូចខាត​អស់​ផ្ទះ​ចំនួន ២​ខ្នង​ទាំងស្រុង និង​ឆេះ​រាលដាល​ដល់​ផ្ទះ​អ្នក​ជិតខាង​អស់​ប្រហែល ២០% ចំនួន ៣​ខ្នង ដែល​សង់​អំពី​ថ្ម​បេតុង ទំហំ ៤.២​ម៉ែត្រ x ២០​ម៉ែត្រ​។

សូម​បញ្ជាក់​ថា ប្រតិបត្តិការ​ជួយ​សង្គ្រោះ គឺ​កម្លាំង​សមត្ថកិច្ច​បាន​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ​របស់​ការិយាល័យ​ចំនួន ២៣​គ្រឿង ប្រើប្រាស់​ទឹក​អស់​ចំនួន ១១៥​ឡាន ស្មើនឹង ៤៦០​ម៉ែត្រគូប​, រថយន្ត​ជំនួយ​អន្តរាគមន៍​មក​ពី រថយន្ត​របស់​ក្រសួងមហាផ្ទៃ ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៤​ឡាន ស្មើរ​នឹង​១៦​ម៉ែត្រគូប​, រថយន្ត​របស់​កងរាជអាវុធហត្ថ ចំនួន ៣​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៦​ឡាន ស្មើរ​នឹង ២៤​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​អូ​ឡាំ​ព្យា ចំនួន ២​គ្រឿង ប្រើប្រាស់​ទឹក​អស់ ៤​ឡាន ស្មើរ​នឹង ១៦​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​ជ្រោយចង្វារ ចំនួន ៧​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១៤​ឡាន ស្មើនឹង ៥៦​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​កោះ​ពេជ្រ ចំនួន ៥​គ្រឿង ប្រើប្រាស់​ទឹក​អស់ ១០​ឡាន ស្មើនឹង ៤០​ម៉ែត្រគូប​, រថយន្ត​ទីក្រុង​កោះន​រា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២​ឡាន ស្មើរ​នឹង ៨​ម៉ែត្រគូប និង​រថយន្ត​ស្រា​បៀរ​កម្ពុជា ចំនួន ១​គ្រឿង ប្រើប្រាស់​ទឹក​អស់ ២​ឡាន ស្មើរ​នឹង ១២​ម៉ែត្រគូប ទើប​គ្រប់គ្រង​បាន​ទាំងស្រុង​នៅ​វេលា​ម៉ោង ២​និង​៣០​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដ​ដែរ​។ ចំពោះ ករណី​អគ្គិភ័យ​ខាងលើ​នេះ មិន​បាន​បណ្តាល​ឲ្យ​មាន​អ្នក​រង​របួស និង​ប៉ះពាល់​ដល់​អាយុជីវិត​ឡើយ​៕

ប្រភព៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ