កណ្តាល៖ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២ ម៉ោង០៧ និង២០នាទី មានករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស បានកើតឡើងនៅចំណុចបន្ទប់ជួលជនរងគ្រោះ ភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ដោយក្នុងនោះជនរងគ្រោះមានឈ្មោះ ហ ស ផ ភេទស្រី អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មការនីរោងចក្រ ស្នាក់នៅភូមិស្វាយជ្រុំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល របួសលើផ្ទៃមុខ និងដៃខាងឆ្វេងជាច្រើនកន្លែង និងរបួសចំទ្រូងខាងស្ដាំមួយកន្លែង ដេរសរុបចំនួន៥០ ថ្នេរ។ ដោយឡែកជនសង្ស័យមានម ស វ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិព្រៃរកា ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្ដាល (ឃាត់ខ្លួន)។វត្ថុតាងដកហូតបានរួមមានកូនកាំបិតចុងស្រួចដងឈើចំនួនមួយ។
គួរបញ្ជាក់ថានៅក្នុងរយៈពេលប្រហែលមួយឆ្នាំកន្លងមកនេះ ជនសង្ស័យបានតាមសុំស្រឡាញ់ជនរងជាច្រើនលើកច្រើនសារ តែត្រូវជនរងគ្រោះឆ្លើយបដិសេធរហូត។ ក្រោយមកមុនពេលកើតហេតុប្រហែលបួនថ្ងៃ និងថ្ងៃទី២៩.១២.២០២២ ជនសង្ស័យបានព្យាយាមតាមជនរងគ្រោះដើម្បីសុំស្រឡាញ់បន្តទៀត តែជនរងគ្រោះព្យាយាមគេចពីជនសង្ស័យរហូត ចំណែកជនសង្ស័យបានដេីរនិយាយប្រាប់គេថា បេីមិនបានជនរងគ្រោះធ្វេីជាប្រពន្ធទេនោះនឹងសម្លាប់ជនរងគ្រោះ ហេីយខ្លួនសុខចិត្តចូលគុក។ លុះដល់ថ្ងៃ ខែ ឆ្នាំ វេលាម៉ោងកើតហេតុខាងលើ ជនសង្ស័យបានយកកូនកាំបិតចុងស្រួចចំនួនមួយ ចូលទៅក្នុងបន្ទប់ជួលជនរងគ្រោះហើយធ្វើសកម្មភាពចាក់ទៅលើជនរងគ្រោះ បណ្ដាលឲ្យមានរបួសជាច្រើនកន្លែង ផ្អេីលឆោឡោដល់អ្នកជិតខាងរាយការណ៍មកសមត្ថកិច្ច ចុះទៅធ្វេីការឃាត់ខ្លួនជនសង្ស័យ ចំណែកជនរងគ្រោះត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកអង្គស្នួល។ ចំពោះករណីនេះកម្លាំងផ្នែកជំនាញ និងប៉ុស្ដិ៍ កំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់៕
ប្រភព៖ ផ្នែកនគរបាល យុត្តិធម៌