ឃាត់ខ្លួនក្រុមចាប់ជំរិតបាន ១០នាក់ មានទាំងខ្មែរ និងចិន

0

ព្រះ​សីហ​នុ៖ នៅ​ថ្ងៃ​ទី​២៦ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​២០​និង​០០​នាទី​យប់ មាន​ស្ត្រីជន​ជាតិខ្មែរ​ម្នាក់​បាន​មក​ដាក់​ពាក្យបណ្តឹង​នៅ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ថា​នៅ​វេលា​ម៉ោង​១៤ រសៀល ថ្ងៃ​ទី ២៦ ខែធ្នូ ឆ្នាំ​២០២២ មាន​ជន​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ទូរស័ព្ទ​មក​ខ្លួន ហើយ​ប្រាប់​ថា​មិត្ត​ប្រុស​របស់​ខ្លួន ជា​ជនជាតិ​ចិន ត្រូវ​បាន​ពួក​គេ​ចាប់ជំរិត ហើយ​ក្រុម​ជនសង្ស័យ​បាន​ទារប្រាក់​ចំនួន $៣,៥០០ ទើប​ព្រម​ដោះ​លែង បន្ទាប់​ពី​ទទួល​បាន​បណ្តឹង​នេះ​ភ្លាម លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ បាន​ចាត់​ឱ្យ​កម្លាំង​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ចិត្ត​ទុកដាក់ និង​បាន​សហការ​ជាមួយ​កម្លាំង​អធិការ​ក្រុងព្រះសីហនុ រហូត​ដល់​វេលា​ម៉ោង ២០​និង​៣០​នាទី​យប់ ថ្ងៃខែ​ឆ្នាំ​ដដែល កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់​រថយន្ត ១​គ្រឿង ម៉ាក ALPHARD ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2BQ-6423 នៅ​បណ្តោយ​ផ្លូវ​ល្បឿន​លឿន និង​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ចំនួន ០៣​នាក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ នៅ​ក្នុង​រថយន្ត ព្រមទាំង​រំដោះ​បាន​ជន​រង​គ្រោះ ១​នាក់ ភេទ​ប្រុស ជនជាតិ​ចិន បន្ទាប់​មក កម្លាំង​ជំនាញ​យើង​បន្ត​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ ៣​នាក់ ភេទ​ប្រុស ជនជាតិ​ចិន បន្ថែម​ទៀត នៅ​ចំណុច សណ្ឋាគារ មួយ​កន្លែង ស្ថិត​ក្នុង ភូមិ​២ សង្កាត់​១ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ ក្រោយមក​នៅ​ថ្ងៃ​ទី​២៧ ខែធ្នូ ឆ្នាំ​២០២២ វេលា​ម៉ោង​១៦ រសៀល នៅ​ចំណុច មុខ​សណ្ឋាគារ ស៊ី​ហ៊ូ ស្ថិត​ក្នុង ភូមិ​១ សង្កាត់​៣ ក្រុង​-​ខេត្ត​ព្រះ​សីហ​នុ កម្លាំង​សមត្ថកិច្ច​យើង​បាន​ធ្វើការ​ឃាត់ខ្លួន​បក្ខពួក​ជនសង្ស័យ​បន្ថែមចំនួន ០៤​នាក់ ភេទ​ប្រុស ជនជាតិ​ខ្មែរ យក​មក​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ។

ជនសង្ស័យ​មាន​ចំនួន ១០​នាក់ ភេទ​ប្រុស (​ជនជាតិ​ខ្មែរ ៧​នាក់ និង​ជនជាតិ​ចិន ៣​នាក់​) ។ សម្ភារ​វត្ថុ​តាង​ចាប់​យក​បាន​សរុប​រថយន្ត​ចំនួន ៣​គ្រឿង កាំបិត​ស្នៀត​ចំនួន ២​ដើម (​ខ្លី ១​ដើម និង វែង ១​ដើម​) ពិល​ឆក់​ចំនួន ០៤​ដើម ទូរស័ព្ទ​ដៃ​ចំនួន ២១​គ្រឿង កាត​រឹង​ចំនួន ០៧​សន្លឹក ម្សៅ​ក្រាម​ស​ថ្លា (​សង្ស័យ​ជា​សារធាតុ​ញៀន​) ១​កញ្ចប់ ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន ១​ឈុត ស្លាក​លេខ​រថយន្ត ១​ផ្ទាំង ភ្នំពេញ 2AZ-8952 និង​កាបូប​លុយ​១ ។
ករណី​ខាងលើ​នេះ ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល កំពុងធ្វើការ​សួរនាំ និង​បន្ត​នីតិវិធី តាម​ផ្លូវច្បាប់ ៕

ប្រភព៖ ផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ