សៀមរាប៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនគរបាលខេត្តសៀមរាប កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៦នឹង៥០នាទី កម្លាំងផ្នែកព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះពិនិត្យស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចលើផ្លូវជាតិលេខ៦ ស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីអំពើលួច ម៉ូតូ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ វេលាម៉ោង១៩នឹង០០នាទី នៅចំណុចវាលស្រែប្រឡាយថ្មី ស្ថិតនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
មន្ត្រីនគរបាលស្រុកសូទ្រនិគម បានឲ្យដឹងថាជនរងគ្រោះឈ្មោះ យឿន ពា ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។ ជនសង្ស័យឈ្មោះ ភឹម ថៃ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ បច្ចុប្បន្ននៅភូមិថ្លាត ឃុំខ្ចាស់ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
តាមចម្លើយសារភាព នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា រូបគេពិតជាបានធ្វើសកម្មភាពលួចម៉ូតូ របស់ជនរងគ្រោះខាងលើពិតប្រាកដមែន។ សមត្ថកិច្ចដកហូតវត្ថុតាង៖ ម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ឆ្នាំ២០១៦ (ប្រគល់ជូនជនរងគ្រោះយកទៅប្រើប្រាស់វិញ)។ បច្ចុប្បន្នករណីខាងលើនេះបានរៀបចំកសាងសំណុំរឿង និងបញ្ជូនខ្លួនជនសង្ស័យទៅការិយាល័យជំនាញខេត្តដើម្បីបន្តនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ