ឃាត់ខ្លួនបុរសម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ

0

តាកែវ៖ នៅថ្ងៃសៅរ៍ ០២រោចខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៥និង៣០នាទី នៅចំណុចស្ថានីយ៍បូមទឹកខាងកើតភូមិព្រៃសំបួរ ឃុំអង្គរបូរី ស្រុកអង្គរបូរី ខេត្តតាកែវ កើតមានករណីបាត់ម៉ូតូ ០១គ្រឿង ម៉ាកគុបមូល ពណ៌សំបកឳឡឹក គ្មានផ្លាកលេខ របស់ឈ្មោះ អោក អ៉ីម ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅភូមិ-ឃុំ កើតហេតុខាងលើ ដោយជនរងគ្រោះបានទុកម៉ូតូនៅក្នុងរោងស្ថានីយ៍ទឹកខាងលើ រួចក៏ចុះបឹងនេសាទត្រី លុះដល់ម៉ោងប្រហែល ២១និង១៥នាទី ក៏មានជនសង្ស័យចូលមកលួចម៉ូតូរបស់ជនរងគ្រោះក្នុងរោងជិៈទៅបាត់ ហើយគាត់ក៏បានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលអង្គរបូរី ។

ក្រោយពីទទួលបានពាក្យបណ្តឹងពីជនរងគ្រោះ និងដោយមានការចង្អុលបង្ហាញពីសំណាក់ លោកស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីសំណាក់ឯកឧត្តម ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ លោកវរសេនីយ៍ទោ នួន ប៉ិន អធិការនគរបាលស្រុកអង្គរបូរី ដឹកនាំបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកអង្គរបូរី សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ធ្វើការស្រាវជ្រាវ ស្វែករក លុះរហូតដល់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង ១៣និង៣០នាទី កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលព្រៃកប្បាស ក៏ស្ទាក់ចាប់បានឃាត់ខ្លួនជនសង្ស័យឈ្មោះ ហន ដារ៉េត ភេទប្រុស អាយុ ២៤ឆ្នាំ មានទីលំនៅភូមិអង្គរ ឃុំព្រែកផ្ទោល ស្រុកអង្គរបូរី ខេត្តតាកែវ នៅក្នុងឃុំកំពង់រាប ស្រុកព្រៃកប្បាស រួចប្រគល់ជនសង្ស័យនិងវត្ថុតាងម៉ូតូ មកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរី។ បច្ចុប្បន្នកម្លាំងជំនាញកំពុងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕

 

ប្រភព៖ អធិការដ្ឋាននគរបាល ស្រុកអង្គរបូរី