ភ្នំពេញ៖ ឯកឧត្ដម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃអង្គារ ទី០៦ ខែធ្នូ ឆ្នាំ២០២២ បានចូលរួមក្នុងកិច្ចសំណេះសំណាលអំពីវិស័យកសិកម្មនៅកម្ពុជា ដើម្បីបកស្រាយ និងឆ្លើយសំនួរពីសំណាក់អ្នកសារពត៌មានអំពីសកម្មភាព និងវឌ្ឍនភាពការងារចាប់តាំងពីឯកឧត្តមកាន់តំណែង រហូតដល់បច្ចុប្បន្ន ។
ក្នុងឱកាសនោះដែរ ឯកឧត្ដម ឌិត ទីណា បានលើកឡើងថា រាប់តាំងពីថ្ងៃឡើងកាន់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដំបូង រហូតដល់ពេលបច្ចុប្បន្នគឺមានរយៈពេល ៥០ថ្ងៃហើយ ហើយរយៈពេល ៥០ថ្ងៃនេះ ឯកឧត្ដមបានដោះស្រាយបញ្ហាជាច្រើន ក្នុងនោះក៏បានដោះស្រាយបញ្ហាប្រឈមជាមួយតម្លៃស្រូវធ្លាក់ថ្លៃនៅខេត្តបាត់ដំបង និងបន្ទាយមានជ័យ ដោយសារការកកស្ទះនៃរោងម៉ាស៊ីនស្រូវផងដែរ ។
ឆ្លើយតបជាមួយសំនួររបស់អ្នកសារព័ត៌មានពាក់ព័ន្ធទៅនឹងបញ្ហាកង្វះទីផ្សារនាំចេញនៃផលិតផលកសិកម្ម បែជាមានការនាំចូលផលិតផលសិកម្មពីក្រៅប្រទេសវិញនោះ ឯកឧត្ដម បានមានប្រសាសន៍ថា ប្រសិនបើយើងចង់ឱ្យមានការរីកចម្រើនទាំងអស់គ្នា គឺត្រូវតែរួមគ្នាដោះស្រាយទាំងអស់គ្នា កុំប្រកាន់តាមផ្នែកនីមួយៗ ប៉ុន្តែបច្ចុប្បន្នចាំបាច់ត្រូវដោះស្រាយបញ្ហាបន្ទាន់ៗ និងសំខាន់ៗជាមុនសិន ។ ឯកឧត្ដម ឌិត ទីណា បានបន្តថា ទៅថ្ងៃមុខលោកជឿជាក់ថា ចំពោះបញ្ហាកង្វះទីផ្សារផលិតផលកសិកម្ម ដោយសារតែកត្តាការនាំចូលផលិតកសិកម្មក្រៅប្រទេសនេះ នឹងអាចដោះស្រាយបានតាមរយៈស្មារតីជាតិនិយម ប៉ុន្តែក្នុងនោះលោកក៏បានសង្កត់ធ្ងន់ថា ស្ថានភាពបច្ចុប្បន្នយើងកំពុងចូលរួម និងចរចាបើកទីផ្សារសេរី ប្រសិនបើយើងអាចនាំផលិតផលរបស់យើងចេញទៅក្រៅប្រទេសបាន នោះប្រទេសដទៃក៏អាចនាំផលិតផលរបស់ពួកគេចូលក្នុងប្រទេសយើងវិញបានដូចគ្នា ។ លោកបញ្ជាក់ទៀតថា ការពិនិត្យទៅលើតុល្យភាពនៃការនាំចេញ នាំចូល គឺគោរពទៅតាមច្បាប់អន្តរជាតិ គោរពទៅលើគោលការណ៍អនាម័យ បើយើងអាចហាមគេមិនឱ្យនាំចូលប្រទេសយើង គេក៏មានសិទ្ធហាមយើងមិនឱ្យនាំចេញទៅប្រទេសគេបានដូចគ្នា ។
យ៉ាងណាមិញជុំវិញបញ្ហាខាងលើនេះ ឯកឧត្ដមរដ្ឋមន្ត្រីបានលើកឡើងថា ចំពោះដំណោះស្រាយគឺយើងមានរួចអស់ហើយ គ្រាន់តែត្រូវការរយៈពេលវែងដើម្បីដោះស្រាយ និងត្រូវការការចូលរួមទាំងអស់គ្នាប៉ុណ្ណោះ ។ ដូច្នេះហើយក្នុងនោះលោកក៏បានលើកឡើងប្រឆាំងទៅនឹងមតិរិះគន់មួយចំនួនដែរបាននិយាយថា «ក្រសួងមិនមានដំណោះស្រាយអ្វីទាំងអស់ ចេះតែនិយាយដដែលៗ» ៕
ប្រភព៖ ក្រសួងព័ត៌មាន