បាត់ដំបង៖ នៅថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១៨និង០០នាទី លើផ្លូវជាតិលេខ៥៧B ត្រង់ចំណុចក្រុមទី១១ ស្ថិតក្នុងភូមិគោកខ្ពស់ ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងរថយន្តសង្គ្រោះមន្ទីរពេទ្យ និងម៉ូតូមួយគ្រឿង បណ្តាលអោយមនុស្សម្នាក់ រងរបួសធ្ងន់។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ទោ ប៉ាង ផង់ អធិការស្តីទីនគរបាលស្រុកថ្មគោល បានរាយការណ៍អោយដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ រវាងរថយន្តសង្គ្រោះមន្ទីរពេទ្យបង្អែកស្រុកសំពៅលូន មួយគ្រឿង ម៉ាកតូយ៉ូតាហៃយ៉ាស់ (TOYOTA HIACE) ពណ៍ស គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ហេង ផានិត ភេទប្រុស អាយុ ៤៧ឆ្នាំ មានទីលំនៅភូមិវាលវង់ ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង និងម៉ូតូមួយគ្រឿងម៉ាកស៊ុស៊ុយគីវីវ៉ា (SUZUKI VIVA) ពណ៌ខ្មៅ ពាក់ផ្លាកលេខ បាត់ដំបង 1A-9753 បើកបរដោយឈ្មោះ គង់ ស៊ុន ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិប្រគាប ឃុំរូងជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការពិនិត្យកន្លែងកើតហេតុ កម្លាំងនគរបាលជំនាញ នៃអធិការដ្ឋាននគរបាលស្រុកថ្មគោល បានបញ្ជាក់ថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បណ្តាលដោយរថយន្តធ្វើដំណើរពីទិសខាងលិចទៅកើត លុះដល់ចំណុចកើតហេតុ បានជែងរថយន្តមួយគ្រឿងនៅពីមុខទិសស្របគ្នា ជ្រុលទៅបុកម៉ូតូធ្វើដំណើរក្នុងទិសដៅផ្ទុយចំពីមុខពេញទំហឹងតែម្តង។
បច្ចុប្បន្ន នគរបាលជំនាញដកហូតមធ្យោបាយបង្កទាំងពីរគ្រឿង យកមករក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តបាត់ដំបង ដើម្បីរង់ចាំដំណោះស្រាយតាមនីតីវិធី។ ដោយឡែក ជនរងគ្រោះរបួសធ្ងន់សមត្ថកិច្ច បានបញ្ជូនទៅមន្ទីរពេទ្យខេត្តបាត់ដំបង ដើម្បីសម្រាកព្យាបាល៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ