កណ្តាល៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល កម្លាំងជំនាញស្នងការដ្ឋានសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកមុខកំពូល នៅរសៀលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០២២ បានប្រតិបត្តិការស្រាវជ្រាវស៊ើបអង្កេតបង្ក្រាបករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនា។
កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ០០:៣០នាទី លើផ្លូវជាតិលេខ៦ មុខក្លោងទ្វារវត្តឧត្តមសាមគ្គី (ហៅវត្តឈើទាល) ភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។ ជនរងគ្រោះចំនួន ០២នាក់ មានឈ្មោះ យ៉ាត យ៉ារីន ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលទូរស័ព្ទ និងឈ្មោះ អាត ធារិទ្ធ (ហៅពៅ) ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរធ្វើសំណង់។ អ្នកទាំងពីរ មានទីលំនៅបច្ចុប្បន្នភូមិឈើទាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។
ជនសង្ស័យដែលឃាត់ខ្លួន ០១នាក់ មានឈ្មោះ សួន ពេជ្រសំអូន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរមិនពិតប្រាកដ បច្ចុប្បន្នស្នាក់នៅភូមិជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្ដាល។ រីឯបក្ខពួកបានគេចខ្លួន។ សម្ភារខូចខាតរួមមានម៉ូតូចំនួន ០២គ្រឿង ម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៩ ពណ៌ទឹកមាស ពាក់ផ្លាកលេខ កណ្ដាល 1AD-6542 ០១គ្រឿង និងម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្ដាល 1AA-0337 ០១គ្រឿងរបស់ជនរងគ្រោះឈ្មោះ អាត ធារិទ្ធ។ ដោយឡែកវត្ថុតាងចាប់យកបានរួមមានម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៤ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1CK-6867 ០១គ្រឿង ជារបស់ជនសង្ស័យដែលគេខ្លួន។
គួរបញ្ជាក់ថាកន្លងមកក្រុមជនសង្ស័យ និងក្រុមជនរងគ្រោះធ្លាប់មានគំនុំជាមួយគ្នា។ នៅថ្ងៃខែឆ្នាំកើតហេតុ ជនរងគ្រោះ និងមិត្តភ័ក្តិចំនួន០៤នាក់ទៀត ប្រើមធ្យោបាយម៉ូតូចំនួន០៣គ្រឿង បានមកពីមើលការប្រគុំតន្ត្រី នៅរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ។ ចំណែកក្រុមជនសង្ស័យ បានជួបជុំគ្នានៅមុខវត្តព្រែកអញ្ចាញ ហើយបានដឹងថាក្រុមជនរងគ្រោះចេញមកពីរង្វង់មូលនាងមច្ឆាផ្លូវ OCIC ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញមកវិញ ភ្លាមនោះក្រុមជនសង្ស័យបាននាំគ្នាជិះម៉ូតូចេញពីមុខវត្ត និងយកកាំបិតខ្វែវចំនួន០៣ដើម នាំគ្នាជិះទៅចាំផ្លូវក្រុមជនរងគ្រោះ ពេលជិះទៅដល់ចំណុចផ្លូវឆ្លងកាត់មុខក្លោងទ្វារវត្តឈើទាល កន្លែងកើតហេតុ បានជួបក្រុមជនរងគ្រោះ ភ្លាមនោះ ក្រុមជនសង្ស័យបានលើកខ្វែវដេញកាប់លើក្រុមជនរងគ្រោះ ហើយជនរងគ្រោះបានឈប់ម៉ូតូរត់គេចខ្លួន ក្នុងពេលនោះក្រុមជនសង្ស័យបានដេញកាប់ក្រុមជនរងគ្រោះ និង កាប់ម៉ូតូរបស់ជនរងគ្រោះខូចខាត់ម៉ូតូចំនួន០២គ្រឿង។ក្រោយពីធ្វើសកម្មភាពហើយក្រុមជនសង្ស័យបានជិះម៉ូតូគេចខ្លួនបាត់។
ចំពោះជនសង្ស័យ រួមនឹងវត្ថុតាងត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល និងកំពុងកសាងសំណុំរឿង ដើម្បីបន្តចាត់ការតាមនីតិវិធី។ ចំណែកឯ ជនសង្ស័យដែលគេចខ្លួន កម្លាំងយើងកំពុងបន្តស្រាវជ្រាវដើម្បីឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធី។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមអ្នកប្រើប្រាស់បណ្តាញសង្គម និងគ្រប់បណ្តាញសារព័ត៌មានមេត្តាជ្រាប៕
ប្រភព៖ ស្នងការដ្ឋាននគរបាលខេត្តកណ្តាល