ជិះម៉ូតូមិនពាក់មួកសុវត្ថិភាព ហើយទៅបុករថយន្តចតស្ងៀមពីក្រោយទៀត

0

​ពោធិ៍សាត់​ ៖​ បុរស​ម្នាក់​ បាន​រង​របួសធ្ងន់​ បន្ទាប់​ពី​បាន​ជិះ​ម៉ូតូ​មិន​ប្រយ័ត្ន​ ហើយ​មិន​ពាក់មួក​សុវត្ថិភាព​ បាន​បុក​រថយន្ត​ ដែល​ចត​នៅ​ស្ងៀម​ពីក្រោយ​ នៅ​លើ​ផ្លូវ​ក្រាល​កៅស៊ូ​ ចំណុច​ម្តុំ​មុខ​មណ្ឌល​សុខភាព​តា​លោ​ ស្ថិត​នៅ​ភូមិ​តា​លោ​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ ខេត្តពោធិ៍សាត់​ កាលពី​ថ្ងៃ​ទី​១​ ខែធ្នូ​ ឆ្នាំ​២០២២​ វេលា​ម៉ោង​១៦​និង​១១​នាទី​ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ​និង​អាជ្ញាធរ​នៅ​ក្នុង​មូលដ្ឋាន​ចុះ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ​។​

​ប្រភព​ព័ត៌មាន​នៅ​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​គេ​ឃើញ​មាន​ម៉ូតូ​០១​គ្រឿង​ម៉ាក​ហុងដា​ប៊ីត​ពណ៌​ខៀវ​ ស៊េរី​ឆ្នាំ​២០២១​ ពាក់​ស្លាក​លេខ​ ពោធិ៍សាត់​ 1L-8948​ បើកបរ​ដោយ​ឈ្មោះ​ ម៉ុ​ន​ ជឿន​ ភេទ​ប្រុស​ អាយុ​៣៧​ឆ្នាំ​ រស់នៅ​ភូមិ​ទួល​ថ្ម​ ឃុំ​តា​លោ​ ស្រុក​តា​លោ​សែន​ជ័យ​ ខេត្តពោធិ៍សាត់​ (​មិន​ពាក់មួក​សុវត្ថិភាព​)​ រង​របួសធ្ងន់​ បើកបរ​ពី​ជើង​ទៅ​ត្បូង​ លុះ​មក​ដល់​ចំណុច​កើតហេតុ​ បាន​ជិះ​ម៉ូតូ​បុក​ពីក្រោយ​រថយន្ត​១​គ្រឿង​ដែល​ចត​នៅ​លើ​ផ្លូវ​យ៉ាង​ពេញទំហឹង​ ម៉ាក​ ISUZU​ ពណ៌​សលាយ​ក្រហម​ ស៊េរី​ឆ្នាំ​១៩៩៩​ ពាក់​ស្លាក​លេខ​ព្រះ​សីហ​នុ​ 3A-1113​ បើកបរ​ដោយ​ឈ្មោះ​ ឈាង​ ហុ​ក​លី​ ភេទ​ប្រុស​ អាយុ​៤៦​ឆ្នាំ​ រស់នៅ​ភូមិករ​គោ​ ឃុំ​ស្វាយ​លួង​ ស្រុក​កណ្តៀង​ ខេត្តពោធិ៍សាត់​(​ពុំ​មាន​រង​របួស​)​។​ ចំពោះ​អ្នក​រង​របួសធ្ងន់​ត្រូវ​បាន​ សមត្ថកិច្ច​និង​ក្រុម​គ្រូពេទ្យ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​បាកាន​។​

​លោក​វរសេនីយ៍ឯក​ អ៊ុ​ល​ ហៃ​ អធិការ​នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​បាន​ឲ្យ​ដឹង​ថា​ បន្ទាប់​ពី​កម្លាំង​នគរបាល​ជំនាញ​ចរាចរណ៍​បាន​ចុះ​ទៅ​ពិនិត្យ​និង​ធ្វើការ​វាស់វែង​រួច​ហើយ​ បាន​សន្និដ្ឋាន​ថា​ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ​ បណ្ដាល​មក​ពី​កត្តា​ល្បឿន​លឿន​ អ្នកបើកបរ​ម៉ូតូ​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ និង​មិន​ពាក់មួក​សុ​វត្ថ​ភាព​។​
​ចំពោះ​វត្ថុ​តាង​ម៉ូតូ​និង​រថយន្ត​ សមត្ថកិច្ច​បាន​យក​មក​រក្សា​ទុក​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​តា​លោ​សែន​ជ័យ​ រង់ចាំ​ដោះស្រាយ​តាម​នីតិវិធី​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ