ករណី​ចោរប្លន់​អ្នកលក់​ប្រហិត​នៅ​សង្កាត់​ស្វាយប៉ោ​កាលពី​រសៀល​ថ្ងៃ​ទី​ ០៣​ ខែ​វិច្ឆិកា​ ឆ្នាំ​២០២២​ គឺជា​រឿងប្រឌិត​តែ​ប៉ុណ្ណោះ

0

​ភ្នំពេញ​ ៖​ ក្រុមការងារ​ព័ត៌មាន​និង​ប្រតិកម្ម​រហ័ស​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ មាន​កិត្តិយស​សូម​គោរព​ជម្រាប​ ជូន​សាធារណជន​ អ្នក​សារព័ត៌មាន​និង​បងប្អូន​ដែល​និយម​ប្រើប្រាស់​បណ្តាញ​សង្គម​បាន​ជ្រាប​ថា​ កាលពី​ថ្ងៃ​ទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ នៅ​ចំណុច​មុខ​វិទ្យាល័យ​សម្តេច​ឳ​ ស្ថិត​នៅ​ភូមិ​កម្មករ​ សង្កាត់​ស្វាយប៉ោ​ ក្រុង​បាត់​ដំ​ បង​ ខេត្តបាត់ដំបង​ មានការ​ភ្ញាក់ផ្អើល​មួយ​បន្ទាប់​ពី​ស្រី​ម្នាក់​ឈ្មោះ​ សំ​ ជ្រៀប​ អាយុ​ ៣៤​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​អូរ​ តា​គាំ​២​ សង្កាត់​ទួល​តា​ឯក​ ក្រុង​បាត់ដំបង​ មានមុខ​របរ​លក់​ប្រហិត​ចៀន​ នៅ​ចំណុច​ខាងលើ​ បាន​ប្តឹង​សមត្ថកិច្ច​ ថា​នា​វេលា​ ម៉ោង​១៦​និង​៤៥​នាទី​ ខ្លួន​ត្រូវ​បាន​ជន​មិន​ស្គាល់ឈ្មោះ​ចំនួន​ ០៣​នាក់​ ក្នុង​នោះ​មាន​ស្រី​ម្នាក់​ផង​ បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​មក​ធ្វើ​សកម្មភាព​(​ប្លន់​)​ យក​ទ្រព្យសម្បត្តិ​មាន​ប្រាក់​រៀល​ ចំនួន​ ៣១៥,០០០​រៀល​ ប្រាក់​ដុល្លា​អា​មេ​រិ​ក​ចំនួន​ ៤០០​ដុល្លា​ ខ្សែ​ក​មាស​ចំនួន​ ០១​ដំឡឹង​មាន​ ខ្សែដៃ​មាស​ចំនួន​ ១​ដំឡឹង​កន្លះ​ និង​កងដៃ​ប្លា​ទី​ន​ចំនួន​០៣​ឈុត​ក្នុង​ខណៈ​ជន​ សង្ស័យ​ ប្រើប្រាស់​ដំបង​វាយ​មក​លើ​ខ្លួន​និង​ខ្ទប់មាត់​មិន​អាច​ឱ្យ​ខ្លួន​ស្រែក​រួច​ ហើយ​ពួក​ជនសង្ស័យ​បាន​យក​ទ្រព្យសម្បត្តិ​នេះ​គេចខ្លួន​ប្រកបដោយ​ សុវត្ថិភាព​។​

​នៅ​ពេល​ព័ត៌មាន​នេះ​កើតឡើង​ បាន​បង្ក​ឱ្យ​មាន​ភ្ញាក់ផ្អើល​ដល់​មហាជន​ និង​អ្នក​សារព័ត៌មាន​មួយ​ចំនួន​បាន​ធ្វើការ​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​នេះ​ ហើយ​រហូត​មាន​សារព័ត៌មាន​ខ្លះ​បាន​វាយប្រហារ​យ៉ាង​ចាស់ដៃ​មក​លើ​ សមត្ថកិច្ច​នគរបាល​ថា​មិន​មាន​សមត្ថភាព​អ្វី​សោះ​ក្នុង​ការ​បង្ការ​ទប់ស្កាត់​ករណី​ខាងលើ​ បណ្តែតបណ្តោយ​ឱ្យ​មាន​អំពើ​ល្មើស​មួយ​នេះ​បាន​កើតឡើង​។​

​អនុវត្ត​តាម​យោបល់​ដឹកនាំ​បញ្ជា​ផ្ទាល់​របស់​លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹ​ម​សាន​ ស្នងការ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ បាត់ដំបង​ បាន​ដាក់​ បទ​ បញ្ជា​យ៉ាង​ហ្មឹ​ង​ហ្មា​ត់​ដល់​លោក​វរសេនីយ៍ឯក​ លឹ​ម​ ពុ​ទ្ធី​ឡា​ ស្នងការ​រង​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ ចាត់តាំង​ធ្វើការ​ស្រាវជ្រាវ​ជា​បន្ទាន់​ចំពោះ​ករណី​ វាយ​ប្លន់​អ្នកលក់​ប្រហិត​យក​ប្រាក់​ និង​គ្រឿងអលង្ការ​ដ៏​ ចម្លែក​ដូច​ការ​លើក​ឡើង​បែប​នេះ​។​

​ឆ្លង​តាម​រយៈ​ការ​ស្រាវ​ជ្រាយ​ដោយ​យកចិត្តទុកដាក់​ពី​ផែន​ការងារ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​ ដោយ​មាន​ការិយាល័យ​នគរបាល​ព្រហ្ម​ទ័​ណ្ឌ​កម្រិត​ធ្ងន់​ រួម​ជាមួយ​សមត្ថកិច្ច​នគរបាល​នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​បាត់ដំបង​ផង​នោះ​ នា​ វេលា​រសៀល​ថ្ងៃ​ទី​ ៤​ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០២២​ ស្រី្ត​ឈ្មោះ​ សំ​ ជ្រៀប​ បាន​ឆ្លើយ​សារភាព​ថា​ ករណី​ក្រុម​ចោរ​ចំនួន​ ០៣​នាក់​ ធ្វើ​សកម្មភាព​(​ប្លន់​)​យក​ប្រាក់​និង​គ្រឿងអលង្ការ​របស់​គាត់​កាលពី​រសៀល​ថ្ងៃ​ទី​ ០៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០​ ២២​នោះ​គឺជា​រឿង​មិន​ពិត​ទេ​ហើយ​រឿង​នេះ​គឺ​គាត់​បាន​ប្រឌិត​ឡើង​តែ​ប៉ុណ្ណោះ​ដោយសារ​រាល់ថ្ងៃ​គាត់​មាន​បំ​ ណុ​ល​ ច្រើន​ដោយ​មិន​មាន​លទ្ធភាព​សងបំណុល​គេ​រាល់​ខែ​បាន​ក៏​បែកគំនិត​ប្រឌិត​រឿង​ចោរ​(​ប្លន់​)​នេះ​ឡើង​តែ​ម្តង​ទៅ​ក្រែង​បាន​ធូរស្រាល​ខ្លះ​។​

​នៅ​ក្រោយ​ពេល​សារភាព​ទទួលស្គាល់​នូវ​កំហុសឆ្គង​របស់​ខ្លួន​ដែល​បាន​ប្រព្រឹត្តិ​បង្ក​ឱ្យ​មានការ​ភាន់ច្រឡំ​ពី​មជ្ឈដ្ឋាន​មហាជន​ទូទៅ​ ពិសេស​អ្នក​សារព័ត៌មាន​នោះ​ រូប​គាត់​ត្រូវ​បានឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​នូវ​សក​ ម្ម​ភាព​បែប​នេះ​ បន្ត​ទៀត​ មុន​ពេល​អនុញ្ញាត​ឱ្យ​គាត់​វិល​ត្រឡប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​។​

​ដូច​បាន​ជម្រាប​ជូន​ខាងលើ​ សូម​សាធារណជន​ អ្នក​សារព័ត៌មាន​ និង​អ្នក​ និយម​ប្រើប្រាស់​បណ្តាញ​សង្គម​ មេត្តា​ជ្រាប​និង​កុំឱ្យ​មានការ​ភាន់ច្រឡំ​ចំពោះ​ករណី​ខាងលើ​នេះ​ ។​ បើ​ទោះបីជា​យ៉ាងនេះ​ក៏​ដោយ​ សមត្ថកិច្ច​នគរបាល​នៅ​តែ​បន្ត​គាំទ្រ​ចំពោះ​ការ​ចូលរួម​សហការ​ពី​គ្រប់​មជ្ឈដ្ឋាន​ ជាមួយ​ សមត្ថកិច្ច​យើង​ដើម្បី​រក្សា​បាន​ នូវ​សន្តិសុខ​ សណ្តាប់ធ្នាប់​សង្គម​ក្នុង​មូលដ្ឋាន​ ដែល​ការ​ចូលរួម​សហការ​នេះ​គឺជា​ផ្នែក​មួយ​យ៉ាង​សំខាន់​បំផុត​មិន​អាច​ខ្វះ​បាន​ ដើម្បី​សមត្ថកិច្ច​មាន​មូលដ្ឋាន​ក្នុង​ការ​ស្រាវជ្រាវ​ ពិចារណា​ ស្វែងរក​ការ​ពិត​ ជា​ជាង​ការ​រង់ចាំ​ទទួល​បាន​តែ​ការ​ស្តីបន្ទោស​ជា​រៀងរ​ ហូត​មក​ សូម​អរគុណ​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ