បាត់ដំបង ៖ នៅថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០និង១០នាទី នៅចំណុចក្រុម១៤ ស្ថិតភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង មានករណីហិង្សាធ្វើឱ្យខូចខាតដោយចេតនាចំនួន០១ករណី ទៅលើរថយន្តរបស់ឈ្មោះ ញ៉ិល វាសនា ភេទប្រុស អាយុ២៨ឆ្នាំ មានទីលំនៅក្រុម១០ ភូមិស្លក្រាម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ អនុវត្តតាមការណែនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ក៏ដូចជាលោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោកវរសេនីយ៍ទោ យុត តុងហូ អធិការនគរបាលស្រុកសង្កែ បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសង្កែ សហការជាមួយកម្លាំងនគរបាលរដ្ឋបាលប៉ុស្តិ៍វត្តតាមិម ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យនៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានឈ្មោះ ខាន់ ពិសិទ្ធ ហៅ ទូ ភេទប្រុស អាយុ ៣១ឆ្នាំ មានទីលំនៅចំណុចកើតហេតុ មុខរបរ កម្មករ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនបានធ្វើសកម្មភាពប្រើពូថៅកាប់បំផ្លាញទៅលើរថយន្តបណ្ដាលអោយរថយន្ដខូចខាតត្រង់ កញ្ចក់ទ្វារថយន្តចំហៀងខាងឆ្វេងចំនួន ០១ផ្ទាំង កញ្ចក់ពីមុខរថយន្ដចំនួន ០១ផ្ទាំង, ដំបូលរថយន្តខាងមុខ ចំហៀងខាងឆ្វេងខូចខាតជាច្រើនកន្លែង ពិតប្រាកដមែន ក្រោមមូលហេតុ ផឹកស្រាស្រវឹង។
បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសង្កែ និង កសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ