បន្ទាយមានជ័យ ៖ បើយោងតាមការរៀបរាប់របស់ជនរងគ្រោះឈ្មោះ ឧត្តម ធីតា ភេទស្រី អាយុ២៦ឆ្នាំ បច្ចុប្បន្នស្នាក់នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានឱ្យដឹងថា នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៦និង០០នាទី ឈ្មោះ ហ៊ុំ សីហា ភេទប្រុស អាយុ៣១ឆ្នាំ ដែលត្រូវជាកូនជាងប្ដីរបស់ខ្លួនបានខ្ចីម៉ូតូរបស់ខ្លួនម៉ាកហុងដាឃ្លីច ពណ៌ស ផលិតឆ្នាំ២០១៧ ជិ:ទៅទិញអីហូប តែក្រោយមកពុំឃើញឈ្មោះ ហ៊ុំ សីហា យកម៉ូតូមកឱ្យខ្លួនវិញទេ បន្ទាប់មកជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹងនៅអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតតែម្ដង។ ហើយជនរងគ្រោះបន្តស្វែងរកជនសង្ស័យរហូតដល់ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង១៩និង៣០នាទី ទើបបានឃើញជនសង្ស័យនៅខេត្តព្រះវិហារ ពេលនោះជនរងគ្រោះបានទៅប្តឹងសមត្ថកិច្ចកងរាជអាវុធហត្ថខេត្តព្រះវិហារដើម្បីឃាត់ខ្លួនមកសួរនាំតែម្តង។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ទទួលការងារស្រាវជ្រាវ និងបង្ក្រាបបទល្មើសបានឱ្យដឹងថា ដោយទទួលបានការអនុញ្ញាតពីស្នងការ ស្នងការដ្ឋានស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងទទួលបានបទបញ្ជាពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងងខេត្តបន្ទាយមានជ័យ ការិយាល័យព្រហ្មទណ្ឌកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអនុញ្ញាតពន្លាតដែនសមត្ថកិច្ចសហការជាមួយការិយាល័យព្រហ្មទណ្ឌខេត្តព្រះវិហារ ប្រគល់ទទួលជនសង្ស័យខាងលើ ដើម្បីយកមកសួរនាំនៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ។ ក្រោយពីកម្លាំងជំនាញសួរនាំរួចទើបដឹងថា ម៉ូតូដែលខ្ចីពីជនរងគ្រោះជនសង្ស័យយកទៅលេងផ្ទះម្ដាយមីងនៅខេត្តត្បូងឃ្មុំ ហើយផ្ញើនៅទីនោះតែម្ដង ទើបសមត្ថកិច្ចអាវុធហត្ថខេត្តបន្ទាយមានជ័យ បន្តពន្លាតដែនសមត្ថកិច្ចសហការជាមួយអាវុធហត្ថខេត្តត្បូងឃ្មុំដើម្បីយកម៉ូតូជាវត្ថុតាងមកចាត់ការតាមនីតិវិធី។
លោកវរសេនីយ៍ឯក ម៉ែន ភិរម្យ បានបន្តទៀតថា ៖ ដោយផ្អែកលើពាក្យបណ្ដឹងរបស់ជនរងគ្រោះ និងចម្លើយសារភាពរបស់ជនសង្ស័យ ព្រមទាំងមានវត្ថុតាង បច្ចុប្បន្ន ជនសង្ស័យឈ្មោះ ហ៊ុំ សីហា ត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃព្រហស្បតិ៍ ទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ចំណែកម៉ូតូត្រូវបានប្រគល់ឱ្យម្ចាស់ដើមវិញហើយ៕
ប្រភព៖ នាយកដ្ឋានផ្សព្វផ្សាយអប់រំ