ពោធិ៍សាត់ ៖ នៅថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍២កន្លែងផ្សេងគ្នានៅក្នុងស្រុកបាកាន បណ្តាលឲ្យស្លាប់មនុស្ស១នាក់ និងរងរបួសធ្ងន់ស្រាលចំនួន៥នាក់។ ករណីទី១ ៖ កើតឡើងកាលពីវេលាម៉ោង១៤និង៤០នាទី នៅចំណុចផ្លូវក្រាលកៅស៊ូស្ថិតនៅភូមិក្រសាំងគ្រួ ឃុំបឹងខ្នារ ស្រុកបាកាន បង្កឡើងដោយម៉ូតូម៉ាកវេវអាល់ហ្វា ពណ៌ខ្មៅគ្មានស្លាកលេខសណ្តោងរ៉ឺម៉ក បានបើកបរក្នុងទិសដៅពីត្បូងទៅជើងដោយឈ្មោះ យ៉ែម យឿន ភេទប្រុស អាយុ៥៦ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង (ស្លាប់នៅកន្លែងកើតហេតុ) និងអ្នករួមដំណើរជិះពីក្រោយ ១.ឈ្មោះ ហ៊ែល សឿន ភេទស្រី អាយុ៥៣ឆ្នាំ រស់នៅភូមិជាមួយគ្នា (របួសបាក់កដៃឆ្វេង), ២.ឈ្មោះយ៉ែម ស្រីនាថ ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិជាមួយគ្នា(គ្មានរបួស), ៣.ឈ្មោះ យ៉ែម ចំណាន ភេទស្រី អាយុ១២ឆ្នាំ រស់នៅភូមិជាមួយគ្នា(គ្មានរបួស), ៤.ឈ្មោះ យ៉ែម មេសា ភេទប្រុស អាយុ៧ឆ្នាំ រស់នៅភូមិជាមួគ្នា(គ្មានរបួស) ។ លុះមកដល់ចំណុចកើតហេតុខាងលើបានធ្លាក់ជង្ហុករេចង្កូតទៅខាងឆ្វេងបុករបងផ្ទះទុកចោលរបស់ឈ្មោះ នឹម គន្ធា ភេទស្រីអាយុ៣៦ឆ្នាំ ស្ថិតនៅភូមិកើតហេតុខាងលើ បណ្តាលឲ្យឈ្មោះ យ៉ែម យឿន ស្លាប់នៅកន្លែងកើតហេតុ ។
ករណីទី២ ៖ កើតឡើងកាលពីវេលាម៉ោង១៧និង២៥នាទី នៅលើផ្លូវកៅស៊ូត្រងចំណុចផ្លូវកោងស្ថិតនៅភូមិកំប្រាក់កូន ឃុំខ្នារទទឹង ស្រុកបាកាន បង្កឡើងយុវជនឈ្មោះ ខា ភេទប្រុសអាយុប្រហែលជាង២០ឆ្នាំ រស់នៅភូមិកោះកែវ ឃុំត្រពាំងជង ស្រុកបាកាន បានជិះម៉ូតូមួយគ្រឿងម៉ាក់YAMAHA ពណ៌ក្រហម ពាក់ស្លាកលេខកំពង់ចាម 1I-3871 បើកមកពីត្បូងទៅជើង(ក្នុងស្ថានភាពស្រវឹងគ្មានពាក់មួកសុវត្ថិភាព) មកដល់ចំណុចខាងលើបានជ្រុលចង្កូតធ្លាក់ទៅក្នុងប្រឡាយទឹកបណ្តាលឲ្យរងរបួសធ្ងន់ ។
លោកវរសេនីយ៍ឯក នាង វុធ អធិការនគរបាលស្រុកបាកានបានឲ្យដឹងថា ក្រោយហេតុការណ៍កើតឡើងកម្លាំងនគរបាលជំនាញបានចុះទៅពិនិត្យដល់កន្លែងកើតហេតុ និងបានធ្វើកំណត់ហេតុប្រគល់សាកសពទៅឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ។ ចំពោះអ្នករងរបួសធ្ងន់ត្រូវបានកម្លាំងនគរបាលជំនាញចរាចរណ៍ និងក្រុមគ្រូពេទ្យបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកស្រុកបាកាន ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ