ចាប់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពលួចម៉ូតូ

0

បាត់ដំបង៖ នៅថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង៨និង៣០នាទី ត្រង់ចំណុចក្រុមទី២៥ ភូមិឆ្កែកូន ឃុំគោកឃ្មុំ ស្រុកថ្មគោល ខេត្តបាត់ដំបង មានករណីចោរលួចម៉ូតូមួយបានកើតឡើង ដែលករណីនេះបង្កដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានលួចយកម៉ូតូរបស់ជនរងគ្រោះឈ្មោះ ទួន ស្រីណន ភេទស្រី អាយុ៣០ឆ្នាំ រស់នៅភូមិព្រៃលាវ ឃុំបន្សាយត្រែង ស្រុកថ្មគោល ខេត្តបាត់ដំបង។ ម៉ូតូដែលជនសង្ស័យធ្វើសកម្មភាពលួចបានចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-2524។

នៅក្រោយពេលកើតហេតុ ជនរងគ្រោះបានប្តឹងចូលមកសមត្ថកិច្ចនគរបាលហើយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង រួមនឹងយោបល់លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ លោកវរសេនីយ៍ទោ ហៀង ប៊ុនថា អធិការរងនគរបាលស្រុកថ្មគោល បានដឹកនាំកម្លាំងជំនាញផ្នែកនគរបាលយុត្តិធម៌ធ្វើការស្រាវជ្រាវ រហូតធ្វើការបង្ក្រាបករណីលួចម៉ូតូនេះ និងនាំខ្លួនជនសង្ស័យម្នាក់ឈ្មោះ ណាត សុផាន់ណា ភេទប្រុស អាយុ២១ឆ្នាំ មានទីលំនៅភូមិកណ្តាលត្បូង ឃុំគោកឃ្មុំ ស្រុកថ្មគោល នៅចំណុចផ្ទះជនសង្ស័យយកមកអធិការដ្ឋាននគរបាលស្រុកថ្មគោល ដើម្បីធ្វើការសាកសួរស្រាវជ្រាវ និងដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ០១ គ្រឿង ម៉ាកហុងដាឌ្រីម C125 ស៊េរី២០០៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង 1E-2524 របស់ជនរងគ្រោះ ។

បច្ចុប្បន្ន នគរបាលស្រុកបានកសាងសំណុំរឿង បញ្ជូនមកការិយាល័យជំនាញដើម្បីចាត់កាតាមនីតិវិធី-ច្បាប់ រីឯម៉ូតូបានប្រគល់ជូនជនរងគ្រោះវិញ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ