តាកែវ ៖ ដោយអនុវត្តតាមគោលការណ៍ និងបទបញ្ជាដឹកនាំចង្អុលបង្ហាញពីសំណាក់លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការនគរបាលខេត្ត ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ សុវត្ថិភាព ភូមិ-ឃុំ អធិការនគរបាលក្រុង ស្រុក និងប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ/សង្កាត់ ត្រូវតែបង្ការទប់ស្កាត់បង្ក្រាបបទល្មើសផ្សេងៗក្នុងមូលដ្ឋានឲ្យខានតែបានដែលខ្លួនទទួលខុសត្រូវ ។
ជាក់ស្តែងនាព្រឹកថ្ងៃព្រហស្បតិ៍ ៣កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី ២៧ ខែតុលា ឆ្នាំ២០២២ កម្លាំងអធិការដ្ឋាននគរបាលស្រុកត្រាំកក់ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ/សង្កាត់ បានចុះស្រាវជ្រាវបង្ក្រាបករណីក្មេងទំនើងបង្កការឡុកឡុកជិះម៉ូតូដើរ វ៉ៃកាប់តាមផ្លូវសាធារណៈ និងកម្មវីធីបុណ្យកឋិនទាន ប្រព្រឹត្តកាលពីថ្ងៃអង្គារ៍ ១កើត ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ពុទ្ធសករាជ ២៥៦៦ ត្រូវនឹងថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២៣ និង០០នាទី ចំណុចភូមិត្រពាំងថ្នល់ឃុំស្រែរនោង ស្រុកត្រាំកក់ មានករណីបង្កអោយខូចខាតមួយកើតឡើងដោយក្មេងទំនើង០១ក្រុមជិះម៉ូតូពី៤ ទៅ ៥គ្រឿង មានគ្នាប្រមាណពី៨ នាក់ទៅ១០នាក់ ប្រដាប់ដោយដំបង និងដាវ បានធ្វើសកម្មភាពចូលទៅវ៉ៃម៉ូតូជនរងគ្រោះចំនួន ០៣នាក់ ដែលកំពុងអង្គុយលេងនៅផ្ទះឈ្មោះ អ៊ីង រ័ត្ន ភេទស្រី អាយុ៥៩ឆ្នាំនៅភូមិត្រពាំងថ្នល់ ។ ១-ឈ្មោះហៀក សារី ភេទប្រុសអាយុ២៤ឆ្នាំនៅភូមិបាក់កូដឃុំលាយបូរបែកក្បាំងម៉ូតូ និងក្បាលម៉ូតូសេរី២០១៨។ ២-ឈ្មោះហុង លីភេទប្រុសអាយុ២១ឆ្នាំនៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ខូចម៉ូតូស៊េរីឆ្នាំ២០១៩ បែកក្បាំង ក្បាលមុខ និងស្លាកលេខ ។ ៣-ទឹម គង្គា ភេទប្រុស អាយុ២៥ឆ្នាំ នៅភូមិត្រពាំងថ្នល់ ឃុំស្រែរនោង ម៉ូតូស៊េរីឆ្នាំ២០១៨ ខូចខាតក្បាំងក និងកំប្លេម៉ូតូ រួចក៏នាំគ្នាជិះម៉ូតូគេចខ្លួនបាត់ស្រមោល ។
បន្ទាប់ពីទទួលបានព័ត៌មាន និងបណ្ដឹងពីជនរងគ្រោះ សមត្ថកិច្ចដឹកនាំដោយលោកវរសេនីយ៍ ឯក ឌុក ធឺយ៉ា អធិការនគរបាលស្រុកត្រាំកក់ សហការជាមួយប៉ុស្តិ៍នគរបាលរដ្ឋបាល ចុះធ្វើការស្រាវជ្រាវរហូតកំណត់មុខសញ្ញាបានម្នាក់ឈ្មោះ សៅ ចេក ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិត្រពាំងខ្លូត ឃុំអង្គតាសោម ស្រុកត្រាំកក់ ខេត្តតាកែវ និងមានការសម្របសម្រួលនីតិវិធីពីឯកឧត្ដមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តតាកែវ កម្លាំងសមត្ថកិច្ចឃាត់ខ្លួនឈ្មោះ សៅ ចេក មកសាកសួរយកចម្លើយក៏បានឆ្លើយសារភាព ។ បន្តមក កម្លាំងជំនាញបន្តឃាត់ខ្លួនបក្សពួកចំនួន ០៥នាក់បន្ថែមទៀត និងដកហូតម៉ូតូចំនួន ០៣គ្រឿងដូចខាងក្រោម ៖
ទី១-ឈ្មោះ លន់ ភក្ដី ហៅទ្រួកភេទ ប្រុសអាយុ១៨ឆ្នាំនៅភូមិព្រៃស្នួលឃុំគុស ។ ទី២-ឈ្មោះ ម៉ែន ភូស៊ីនហៅហ្វូ ភេទប្រុស អាយុ១៨ឆ្នាំ នៅភូមិអង្គត្នោតខាងកើត ឃុំអង្គតាសោម ដកហូតម៉ូតូសេ១២៥ ពណ៌ក្រហម ស៊េរីឆ្នាំ២០២១ ស្លាកលេខតាកែវ 1Y-1802 មួយគ្រឿង ។ ទី៣-ឈ្មោះ ស៊ុយ វាសនា ភេទប្រុស អាយុ១៩ឆ្នាំ នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម ដកហូតម៉ូតូសេ១២៥ ពណ៌ក្រហម ស៊េរី២០១៨ ស្លាកលេខតាកែវ 1Q-9913 មួយគ្រឿង ។ ទី៤-ឈ្មោះខាន់ វាសនា ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃគុយ ឃុំលាយបូរ ដកហូតម៉ូតូសេ១២៥ ពណ៌ខ្មៅ ពណ៌ខ្មៅ ស្លាកលេខគ្មាន ។ ទី៥-កែត ឧត្ដម ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិត្រពាំងត្របែក ឃុំអង្គតាសោម និងបក្ខពួកមួយចំនួនទៀតគេចខ្លួន ។
សូមបញ្ជាក់ដែរថា ក្រុមក្មេងទំនើងនេះធ្វើសកម្មភាពកាប់តាមដងផ្លូវ កម្មវិធីការបុណ្យផ្សេងៗចំនួន ០៧ករណីរួចមកហើយ ។ បច្ចុប្បន្ន សមត្ថកិច្ចជំនាញបានសាកសួរកសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមនឹងវត្ថុតាងបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលខេត្តចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ