ស្វាយរៀង ៖ នៅថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ កម្លាំងនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាកម្លាំងចម្រុះ បង្ក្រាបករណីឆក់ ស្ថិតនៅភូមិមេភ្លើង សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង ដោយឃាត់ខ្លួនបានជនសង្ស័យម្នាក់ រួមនឹងវត្ថុតាង ។
ជនសង្ស័យភេទស្រី អាយុ៣៤ឆ្នាំ បានធ្វើសកម្មភាពឆក់យកខ្សែក ០១ខ្សែរបស់ជនរងគ្រោះ ខណៈកំពុងពរកូនអាយុ១៨ខែទស្សនាក្នុងកម្មវិធីប្រណាំងទូកខេត្តស្វាយរៀង ។ បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាត់ខ្លួន និងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សូមអំពាវនាវ ដល់បងប្អូនប្រជាពលរដ្ឋ ចូលរួមថែរក្សាទ្រព្យសម្បត្តិផ្ទាល់ខ្លួន ប្រសិនបើមានហេតុការណ៍កើតឡើង សូមរាយការណ៍មកសមត្ថកិច្ចដែលនៅជិតបំផុត ឬតាមរយៈលេខទូរស័ព្ទទាន់ហេតុការណ៍ របស់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ០៩៧ ៧៧៨ ០០០៧ ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ