មេឃុំ សង្កាត់ និងមេប៉ុស្តិ៍ អាចជ្រើសរើសមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយ មិនចាំបាច់ប្រឡង

0

បាត់ដំបង៖ មេឃុំ សង្កាត់ និងមេប៉ុស្តិ៍ អាចជ្រើសរើសមន្ត្រីនគរបាលនៅក្នុងមូលដ្ឋានរបស់ខ្លួនដោយ មិនចាំបាច់ប្រឡង ដើម្បីធានាប្រសិទ្ធភាពលើការការពារសន្ដិសុខសណ្ដាប់ធ្នាប់ជូនប្រជាពលរដ្ឋឲ្យកាន់ល្អប្រសើរ។

ថ្លែងក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលកម្រិតបឋមវិជ្ជាជីវៈនគរបាលជំនាន់ទី១៥ លើកទី២ នៅសាលានគរបាលជាតិភូមិភាគ៥ ខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ  មានប្រសាសន៍អំពីការជ្រើសរើសនគរបាលប៉ុស្តិ៍រដ្ឋបាល ឃុំ សង្កាត់ ដោយបញ្ជាក់ថា «មកដល់ឥឡូវនេះ ក្រសួងចាត់ទុកការជ្រើសរើសនគរបាលដោយសម្ភាសន៍មានប្រយោជន៍ និងប្រសិទ្ធភាពសម្រាប់ការជ្រើសរើសមន្រ្តីនគរបាលប៉ុស្តិ៍ធ្វើការនៅឃុំកំណើត ដោយមិនបាច់ប្រឡងទេ ប៉ុន្តែគឺសម្ភាសន៍។

សម្ដេចក្រឡាហោមបានបញ្ជាក់ថា អ្នកទទួលបន្ទុកសម្ភាសន៍នោះ គឺមេឃុំ សង្កាត់ និងមេប៉ុស្តិ៍ប៉ូលិសជាអ្នកសម្ភាសន៍ទៅតាមសំណួរដែលនាយកដ្ឋានបុគ្គលិករបស់ក្រសួងបាន ដាក់ឱ្យ ហើយសម្ភាសន៍កូនចៅរបស់ប្រជាពលរដ្ឋនៅឃុំសង្កាត់តែម្ដង» ។

សម្ដេចក្រឡាហោម បានមានប្រសាសន៍ថា បន្ទាប់ពីឆ្លងកាត់នីតិវិធីជ្រើសរើសដោយតម្លាភាព និងយុត្តិធម៌ហើយនោះ គឺត្រូវឆ្លងកាត់ការពិនិត្យសុខភាព ពិសេសពិនិត្យទឹកនោមរកសារធាតុញៀន។ សម្ដេចក៏បានសង្កត់ធ្ងន់ដែរថា បន្ទាប់ពីបានជាប់ជានគរបាលជាតិហើយនោះ ការផ្ទេរចេញរបស់មន្រ្តីនគរបាលនោះ គឺត្រូវឆ្លងកាត់ការសម្រេចពីរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ។

សម្ដេចក្រឡាហោមបន្ថែមថា «បើគាត់ជាអ្នកនៅមូលដ្ឋាននោះ គឺឪពុកម្ដាយគាត់ ក្រុមគ្រួសារគាត់នៅទីនោះស្រាប់ ក្ដាប់បានភូមិសាស្រ្ត ចិត្តសាស្រ្តប្រជាពលរដ្ឋក្នុងឃុំនោះស្រាប់» ។

ភ្ជាប់នឹងប្រធានបទនេះ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍អំពីសារៈសំខាន់នៃយន្តការ ៥ នៅមូលដ្ឋាន រួមមានក្រុមប្រឹក្សាឃុំ សង្កាត់ ប៉ុស្តិ៍នគរបាលរដ្ឋបាល ស្មៀន អ្នកដឹកនាំភូមិ និងប៉ុស្តិ៍សុខភាព។ សម្ដេចបានមានប្រសាសន៍ថា រាជរដ្ឋាភិបាលបានពង្រឹង និងលើកទឹកចិត្តយន្តការទាំង ៥ នេះ ធ្វើការប្រកបដោយការទទួលខុសត្រូវ មានប្រសិទ្ធភាព ប្រជាជនស្រឡាញ់រាប់អាន និងជឿជាក់។ សម្ដេចថា ប្រសិនបើគ្រប់មូលដ្ឋានឃុំ សង្កាត់ មានយន្តការទាំង ៥ នេះល្អ គឺមានន័យថា ទូទាំងប្រទេសក៏នឹងមានភាពប្រសើរឡើងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន