គម្រោងស្ពានខ្សែកាបតភ្ជាប់ពីភ្នំពេញ ទៅអរិយក្សត្រនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣

0

ភ្នំពេញ៖ ស្ពានមិត្តភាពកម្ពុជា-កូរ៉េ សាងសង់ជាស្ពានខ្សែកាបតភ្ជាប់ពីភ្នំពេញទៅអរិយក្សត្រនឹងលេចរូបរាងនាពេលខាងមុខឆាប់ៗនេះ ដែលងាយស្រួលក្នុងការធ្វើចរាចរណ៍ឆ្លងកាត់ទន្លេ និងធានាបានសុវត្ថិភាព។ ថ្លែងក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “សមិទ្ធផលសម្រេចបានរយៈពេល ៥ឆ្នាំកន្លងមក របស់ក្រសួងសាធារណការ  និងដឹកជញ្ជូន ឯកឧត្ដមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន មានប្រសាសន៍ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េនេះ នឹងក្លាយជាស្ពានទំនើបដោយប្រើខ្សែកាប ដើម្បីសម្រួលដល់នាវាចរតាមទន្លេ ទាំង២ គឺទន្លេសាប និងទន្លេមេគង្គ ហើយស្ពាននេះ នឹងចាប់ផ្តើមសាងសង់នាពេលឆាប់ៗនេះ បន្ទាប់ពីក្រុមការងារជំនាញបានសិក្សាចប់សព្វគ្រប់។  ឯកឧត្ដមបញ្ជាក់ថា ស្ពាននេះសាងសង់រួច វាអាចជួយសម្រួលស្ថានភាពចរាចរណ៍ប្រចាំថ្ងៃដែលជា ភូមិសាស្រ្តអំណោយផលគ្រប់ជ្រុងជ្រោយ នូវការទាក់ទាញវិស័យទេសចរណ៍ជាពិសេសកត្តាសោភ័ណភាពនិងការលើកសម្រស់រាជធានីភ្នំពេញ។

ឯកឧត្តមបានបញ្ជាក់ថា ការទន្ទឹងរង់ចាំអស់រយៈពេលជាយូរមកហើយទីតាំងសម្រាប់សាងសង់ស្ពាន ជាជំនួយរបស់រដ្ឋាភិបាលកូរ៉េខាងត្បូង ត្រូវបានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រេចជាផ្លូវការរួចរាល់អស់ហើយ។ ឯកឧត្តមបានបញ្ជាក់ទៀតថា ស្ពានមួយខ្សែនេះ នឹងត្រូវសាងសង់ចេញពីផ្សាររាត្រី ស្ថិតនៅក្បែរផ្សារចាស់ ក្នុងខណ្ឌដូនពេញ ហើយភ្ជាប់ទៅដីជ្រោយចង្វារក្បែរសណ្ឋាគារសុខា រួចទើបសង់បន្តឆ្លងទន្លេមេគង្គឆ្ពោះទៅកាន់ឃុំអរិយក្សត្រ ស្រុកល្វាឯមខេត្តកណ្តាល។ «យើងបានសិក្សាចប់សព្វគ្រប់ លើប្រភេទស្ពាន និងទីតាំងស្ពាននៅ រាជធានីភ្នំពេញ ស្ពានមិត្តភាពកម្ពុជាកូរ៉េ ដែលឆ្លងពីផ្សាររាត្រី ទៅទន្លេសាប ទៅអរិយក្សត្រ គឺយើងបានឯកភាពគ្នា លើប្រភេទស្ពាន ខ្សែកាប ។

ផ្សាររាត្រីស្ពានអរិយក្សត្រ ដំណើរទៅមុខហើយ យើងបានឯកភាពគ្នា ពិសេសលើទីតាំង និងជម្រើសប្រភេទ ស្ពាន ឯកភាពហើយ គឺថវិកាមានរួចហើយ ។ កូរ៉េគាត់មានថវិកា ទុកឱ្យយើងខ្ចី យកមកសាងសង់ហើយ ប៉ុន្តែការសាងសង់ចឹងៗ ១០០ភាគរយមិនមែនតែជាប្រាក់កម្ចីទេ រាជរដ្ឋាភិបាលយើងត្រូវ ដោះស្រាយផលប៉ះពាល់ ទំនិញយកមកចូល តម្លៃពន្ធជាបន្ទុករបស់រដ្ឋយើង មានការចូលរួម ពីរាជរដ្ឋាភិបាលយើង ក្នុងការសាងសង់ ស្ពានទាំងប៉ុន្មាន។ អ៊ីចឹងខ្ញុំសង្ឃឹមថា ថវិកាមានមកហើយ សង្ឃឹមគ្មានការយឺតយ៉ាវទេ ស្ពានមិត្តភាពកម្ពុជាកូរ៉េនេះគេនឹងជ្រើសរើស ក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីធ្វើឌីស្សាញនេះ ឱ្យលម្អិត ហើយដាក់ដេញថ្លៃ »។ សូមបញ្ជាក់ថា ស្ពានមិត្តភាពកម្ពុជា-កូរ៉េខាងត្បូង គ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០២៣ខាងមុខនេះ៕

ប្រភព៖ ក្រសួងព័ត៌មាន