បុរសម្នាក់ស្រវឹងស្រាជោកជាំ ជិះម៉ូតូមិនត្រង់ផ្លូវ រ៉េចង្កូតបុករថយន្ត

0

ពោធិ៍សាត់៖ បុរសស្រវឹងស្រាម្នាក់ ជិះម៉ូតូបុករថយន្ត បណ្តាលឲ្យស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុករថយន្តម៉ាកតូយ៉ូតា ព្រួស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9192 យ៉ាងពេញទំហឹង ស្លាប់នៅនឹងកន្លែងកើតហេតុ ករណីគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង នៅលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចខាងត្បូងវិទ្យាល័យរំលេចចម្ងាយ២៩២ម៉ែត្រ ស្ថិតនៅក្នុងភូមិរំលេច ឃុំរំលេច ស្រុកបាកាន ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង ១៦និង ៣៥នាទី នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ ។

យោងតាមប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ គេឃើញមាន បុរសម្នាក់ជិះម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ សេរីឆ្នាំ2014 ពាក់ស្លាកលេខ ពោធិ៍សាត់ 1F 2289 បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព លុះមកដល់ចំណុចកើតហេតុខាងលើបានរ៉េចង្កូតទៅបុករថយន្តម៉ាក តូយ៉ូតា ព្រួស ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2AQ 9192 បើកបរក្នុងទិសដៅច្រាសគ្នា បណ្ដាលឱ្យអ្នកបើកបរម៉ូតូស្លាប់នៅនឹងកន្លែងកើតហេតុ ។

លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានបញ្ជាក់ឲ្យដឹងថា ចំពោះករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺបណ្តាលមកកត្តា អ្នកបើកបរខ្វះការប្រុងប្រយ័ត្ន បើកបរក្នុងស្ថានភាពស្រវឹង មិនពាក់មួកសុវត្ថិភាព ។ ចំពោះអ្នកបើកបរម៉ូតូរងគ្រោះមានឈ្មោះ ហ៊ន ម៉ុន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិកោះស្វាយ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ រីឯអ្នកបើកបររថយន្តម៉ាក តូយ៉ូតា ព្រួស មានឈ្មោះ នី  រតនៈ ភេទប្រុសអាយុ៣១ឆ្នាំ រស់នៅភូមិក្រសាំង  សង្កាត់ជ្រាវ  ក្រុងសៀមរាប ខេត្តសៀមរាប ពុំមានរងរបួសទេ ។

លោកអធិការបានបន្តថា សាកសពជនរងគ្រោះ ត្រូវបានកម្លាំងជំនាញចរាចរណ៍ស្រុកបាកាន ប្រគល់ជូនឲ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី ចំណែកឯវត្ថុតាងរថយន្ត និងម៉ូតូ សមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលរំលេច ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ