សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ធ្វើរឿងមួយនេះ ដើម្បីជួយកសិករ

0

បាត់ដំបង៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានស្នើឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទថ្មីធ្វើការសិក្សារៀបចំយុទ្ធសាស្ត្រត្រៀមពូជស្រូវ ផលិតផលសម្រាប់ប្រជាជនដើម្បីឱ្យពួកគាត់ចំណាយពូជតិច និងទទួលបានប្រាក់ចំណេញច្រើន។

ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់ពូជស្រូវដល់ប្រជាកសិករដែលរងគ្រោះ ដោយទឹកជំនន់ចំនួន ១១ ៥២៨ គ្រួសារ ក្នុងខេត្តបាត់ដំបង នាព្រឹក ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាំបាច់ត្រូវរៀបចំឱ្យមានការបណ្តុះពូជស្រូវ ដោយចាប់ផ្តើមពីការកំណត់ប្រជាពលរដ្ឋដែលត្រូវប្រើប្រាស់ពូជ។ សម្តេចតេជោថ្លែងបញ្ជាក់ថា៖ «ខ្ញុំសុំយកឱកាសនេះដើម្បីរម្លឹកដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីទទួលយកយុទ្ធសាស្ត្រមួយចំនួនពីការផលិតពូជស្រូវ សម្រាប់ត្រៀមទុកដើម្បីបញ្ចេញចេញ នៅពេលប្រជាពលរដ្ឋត្រូវការ»។ សម្តេចតេជោបន្តថា ពូជស្រូវនេះប្រជាពលរដ្ឋក៏អាចលក់ស្រូវរបស់ខ្លួន ដើម្បីមកទិញ ឬដូរពូជដែល ផលិតត្រៀមនេះ ដើម្បីយកដាំដុះផងដែរដោយមិនចាំបាច់រកទិញកន្លែងណានោះទេ។ សម្តេចតេជោបានបញ្ជាក់ថា៖«នៅបាត់ដំបងប្រជាពលរដ្ឋផលិតស្រូវស្រាប់ ត្រូវយកកន្លែងណាដែលមានប្រភពទឹកគ្រប់គ្រាន់មួយដើម្បីផលិតត្រៀមទុក។ ដូច្នេះយើងធានាថាថ្ងៃក្រោយ យើងមានលទ្ធភាព ផ្គត់ផ្គង់ស្របទៅតាមតំបន់»។

សម្តេចតេជោនាយករដ្ឋមន្រ្ដីបានបន្ថែមថា ការធ្វើបែបនេះដោយសារពូជស្រូវខ្លះមិនមែននៅក្នុងខេត្តបាត់ដំបងនោះទេ ហើយយើងនឹងអាចដឹងថាដូចជានៅខេត្តបាត់ដំបងត្រូវការស្តុកពូជប៉ុន្មាន និងខេត្តផ្សេងទៀតត្រូវការប៉ុន្មាន។ ការធ្វើបែបនេះវិស័យឯកជនក៏អាចចូលរួមបានផងដែរដោយធ្វើកិច្ចសន្យា។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានលើកឡើងថា ទិន្នផលនៃការបង្កបង្កើនផលក៏កើនឡើងដោយសារការប្រើប្រាស់ពូជត្រឹមត្រូវផងដែរ។

ពាក់ព័ន្ធនឹងករណីរឿងការអភិវឌ្ឍវិស័យកម្មនោះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្ថែមថា៖ «បញ្ហានេះ ខ្ញុំបានប្រើប្រាស់អស់ពាក់កណ្តាលជីវិត ដើម្បីកែប្រែឥ រិយាបថប្រជាជនយើង។ បានសេចក្តីថាចាប់តាំងពីឆ្នាំធ្វើនាយករដ្ឋមន្ត្រីក្នុងឆ្នាំ១៩៨៥ មកគឺធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋផ្លាស់ប្តូរឥរិយាយបថ»។ ទន្ទឹមនេះ សម្តេចតេជោក៏បានឱ្យដឹងទៀតថា កន្លងមក ប្រជាពលរដ្ឋខ្លះបានផ្លាស់ប្តូរឥរិយាយបថក្នុងការប្រើប្រាស់ពូជស្រូវ ប៉ុន្តែមិនទាន់ទទួលបានទិន្នផលគ្រប់គ្រាន់នោះទេ។ សម្ដេចតេជោបានអះអាងថា បើតាមការសិក្សាទៅ នៅខេត្ដបាត់ដំបង អាចសមស្របនឹងផ្ទៃដីក្នុងការផលិតពូជស្រូវដើម្បីត្រៀមទុករបស់ខេត្តបាត់ដំបងផង បន្ទាយមានជ័យ ពោធិ៍សាត់ និងខេត្តកំពង់ឆ្នាំង។

ជាមួយគ្នានេះ សម្តេចតេជោក៏បានណែនាំឱ្យរដ្ឋមន្ត្រីក្រសួងកសិកម្មធ្វើការសិក្សានៅតាមបណ្តាខេត្ត ដើម្បីធ្វើការបែងចែកតំបន់ដាំដុះ និងដាក់ពូជឱ្យត្រូវ។ «សូមឯកឧត្តមរដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីធ្វើការសិក្សាបែងនៅតាមតំបន់ដាំដុះ តំបន់ដាក់ជី ធ្វើការសិក្សាជាមួយផ្នែកពាក់ព័ន្ធរបស់ខ្លួនហើយសិក្សាជាមួយអ្នកពាក់ព័ន្ធខាងក្រៅដើម្បីដើម្បីដោះស្រាយជូនប្រជាពលរដ្ឋ»។ នេះជាការលើកឡើងបន្ថែមរបស់សម្ដេចតេជោ ហ៊ុន សែន។

សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានថ្លែងឱ្យដឹងដែរថា រដ្ឋមន្ត្រីក្រសួងកសិកម្មថ្មីក៏បានចុះធ្វើការសិក្សាពីផ្ទៃដី ពីបញ្ហាដី ដែលចំណុចនេះគឺសំខាន់ ក្នុងការដំដាំដុះ ត្រូវប្រុងប្រយ័ត្នក្នុងនោះមានគ្រាប់ពូជ ការធ្វើដី ការថែទាំជាដើម។ សម្ដេចតេជោបានថ្លែងអះអាងថា ភារកិច្ចរបស់ក្រសួងកសិកម្មគឺមិនមែនគ្រាន់តែជាដំណើរការផលិតធម្មតានោះទេ ក៏ប៉ុន្តែដំណើរការផលិតនេះធ្វើយ៉ាងណាឱ្យប្រជាជនមានប្រាក់ចំណេញ។ ក្នុងនោះ សូម្បីបច្ចេកទេស ព្រោះស្រូវ ដែលកន្លែងខ្លះមួយហិកតាគេព្រោះ៣០គីឡូក្រាម តែកន្លែងខ្លះប្រើពូជរហូតដល់១០០ គីឡូក្រាម ហើយការប្រើប្រាស់ជីក៏ដូច្នេះដែរ បើសិនប្រើច្រើនពេកក៏មិនចំណេញដែរ។

ក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានជំរុញឱ្យក្រសួងកសិកម្មធ្វើការសិក្សាអំពីបញ្ហានេះ ហើយបើសិនមានករណីចាំបាច់ស្នើមករដ្ឋាភិបាលរហូតដល់កំណត់គោលនយោបាយ ផងដែរ៕

ប្រភព៖ ក្រសួងព័ត៌មាន