ប្រជាពលរដ្ឋមួយចំនួនរស់នៅក្នុងតំបន់អង្គរ ប្រកបមុខរបរដើរបេះផ្លែស្លែងលក់

0

សៀមរាប៖ បងប្អូនប្រជាពលរដ្ឋ រស់នៅក្នុងបរិវេណតំបន់អង្គរមួយចំនួន បានប្រកបមុខរបរដើរបេះផ្លែស្លែងលក់ ចាប់ពីអំឡុងខែតុលា រហូតទៅដល់ខែមីនាជារៀងរាល់ឆ្នាំ ដែលអាចទទួលបានប្រាក់ចំណូលបន្ថែម មួយចំនួនសម្រាប់ផ្គត់ផ្គង់ក្នុងជីវភាពប្រចាំថ្ងៃ។

ប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់អង្គរ បច្ចុប្បន្ននេះ ក្រៅពីការពឹងអាស្រ័យផល លើវិស័យទេសចរណ៍ ដែលភ្ញៀវទេសចរជាតិនិងអន្តរជាតិមកទស្សនាប្រាង្គប្រាសាទ ដែលជាកេរ្តិ៍ដំណែលវប្បធម៌ របស់ដូនតាខ្មែរ ហើយនោះ ព្រៃឈើ ក៏ជាផ្នែកមួយ ដែលពួកគាត់កំពុងអាស្រ័យផលជាអនុផលព្រៃឈើ ទៅតាមរដូវកាល ផងដែរ។ ជាក់ស្តែងចាប់ពីខែតុលា រហូតដល់អំឡុងខែមីនាឬមេសា ប្រជាពលរដ្ឋរស់នៅជុំវិញនោះ បាននាំគ្នា ដើរបេះផ្លែឈើព្រៃ គឺផ្លែស្លែង ដើម្បីយកទៅលក់ឱ្យម៉ូយ បានប្រាក់កម្រៃជួយដោះស្រាយជីវភាពបន្ថែម ពីលើ ការងារប្រចាំថ្ងៃផ្សេងទៀត។

ជារៀងរាល់ថ្ងៃ ចាប់តាំងពីម៉ោងប្រមាណ៧ព្រឹក លោក មន មេត ជាពលរដ្ឋម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើន ទៀត រស់នៅភូមិនគរក្រៅ សង្កាត់គោកចក បានរៀបចំវេចខ្ចប់ម្ហូបអាហារ ទឹក រួមទាំងសម្ភារៈប្រើប្រាស់ ចាំបាច់មួយចំនួន រួចនាំគ្រួសារ ធ្វើដំណើរមកកាន់ព្រៃក្នុងតំបន់អង្គរ ដើម្បីស្វែងរកបេះផ្លែស្លែង រហូតដល់ ពេលល្ងាចម៉ោងប្រមាណ៦ទៅ៧ ទើបបានត្រឡប់ទៅដល់ផ្ទះវិញ តែមានពេលខ្លះលោកត្រូវដើរដល់ម៉ោង ៩យប់ក៏មាន ដើម្បីបេះផ្លែស្លែង រួចហើយត្រូវដំសំបកនិងយកសាច់ចេញ ដោយលាងទឹកឱ្យស្អាត នៅសល់តែ គ្រាប់វាតែប៉ុណ្ណោះ ទើបអាចយកទៅលក់ឱ្យម៉ូយបាន។

ក្នុងមួយថ្ងៃៗ លោកអាចបេះ និងប្រមូលផលគ្រាប់ស្លែង បានចន្លោះពី២០ ទៅ៣០គីឡូក្រាម ហើយអាចលក់ ចេញបានតម្លៃ៣០០០រៀល ក្នុង១គីឡូក្រាម។ លោកបន្តថា បច្ចុប្បន្ននេះ មានក្រុមឈ្មួញចាំទទួលទិញ គ្រាប់ស្លែងទាំងនោះ បើអ្នកភូមិរកបានច្រើន ក៏មិនខ្វះទីផ្សារដែរ គឺក្រុមឈ្មួញចាំទទួលទិញយកទាំងអស់ ដោយគេយកសម្រាប់កែច្នៃធ្វើជាថ្នាំកសិកម្ម និងឱសថជាដើម។

លោក មន មេត បានបន្តថា លោកបានចាប់យកមុខនេះរយៈពេល១០ឆ្នាំមកហើយ ទម្រាំអាចបេះផ្លែស្លែង បានមួយៗ គឺមិនងាយស្រួលឡើយ ជារៀងរាល់ថ្ងៃលោកត្រូវឡើងដើមស្លែងខ្ពស់ៗ មិនតិចជាង៥ដើមឡើយ ទើបអាចបេះយកផ្លែស្លែងចាស់ៗ និងផ្លែទុំ បានមកដំចេញជាគ្រាប់សម្រាប់លក់។

លោកបន្តថា ព្រៃនៅតំបន់អង្គរ គឺសម្បូរដើមស្លែងណាស់ ហើយឆ្នាំនេះធម្មជាតិ ហាក់អំណោយផលល្អ ធ្វើឲ្យ ស្លែងមានផ្លែច្រើន។ ទើបលោកនិងគ្រួសារ អាចរកចំណូលបានគួរសមពីការលក់គ្រាប់ស្លែង ហើយក្រៅ ពីមុខរបរដើមបេះផ្លែស្លែង យកគ្រាប់លក់ គ្រួសាររបស់លោក បានផ្លាស់ប្ដូរទៅតាមរដូវកាលនៃផ្លែឈើព្រៃ នីមួយៗ។

រកបេះតាមព្រៃអង្គរ បើអត់មិនដឹងធ្វើម៉េចមានតែរកបេះ។សម្បូរណាស់ ច្រើនដើម គេចូលបេះច្រើន មិនដែលមានបេះពីខាងក្រោមទេបង មានតែឡើង ឡើងកប់ៗខ្ពស់ បើយើងអត់ឡើងដែលបេះបានណាស់ យកទៅឱ្យគេ បេះបានហើយជាន់ឡើងស្អាត ដំឡើងគ្រាប់សស្គុះ យកទៅឱ្យគេដល់កន្លែង មួយគីឡូ ៣០០០ រៀល។ គេទិញត្រឹមវាដាក់គ្រាប់ គ្រាប់វារឹង គេយកបើថាច្របាច់ទៅរាងច្រឹកគេអត់យកទេ គេយកចាស់ៗ ហើយបានគេយក។

លោក មន មេត បានសម្តែងការសប្បាយរីករាយ ដែលព្រៃឈើនៅក្នុងតំបន់រមណីយដ្ឋានអង្គរសម្បូរ ទៅ ដោយអនុផលព្រៃឈើផ្សេងៗ និងសម្បូរតាមរដូវកាល អាចផ្តល់ឱ្យប្រជាជនក្នុងតំបន់នេះ អាស្រ័យផលបាន និងលើកកម្ពស់ជីវភាពក្នុងគ្រួសាររបស់ពួកគាត់មួយផ្នែកទៀត។

សូមជម្រាបផងដែរថា ផ្លែស្លែង គឺជារុក្ខជាតិព្រៃមួយប្រភេទ ដែលផ្លែខ្ចីមានពណ៌បៃតង និងពេលទុំមាន ពណ៌ ក្រហមរលោងល្អ ក៏ប៉ុន្តែវាគឺជារុក្ខជាតិដែលមានជាតិពុល មិនអាចឱ្យមនុស្ស ឬសត្វយកទៅទទួលទាន ជាអាហារបានទេ។ ក្រុមឈ្មួញដែលទទួលទិញគ្រាប់ស្លែង គឺសម្រាប់យកទៅលក់បន្តនៅប្រទេសជិតខាង ដើម្បីផលិតជាថ្នាំសម្លាប់សត្វល្អិត និងធ្វើជាឱសថព្យាបាលរោគផ្សេងៗ៕

ប្រភព៖ ក្រសួងព័ត៌មាន