ក្រោយ Liverpool យកឈ្នះ Man City ស្រាប់តែ Mane ពោលពាក្យបែបនេះ (មានវីដេអូ)

0

ខ្សែប្រយុទ្ធស្លាបរបស់ក្លឹប Bayern Munich កីឡាករ Sadio Mane បានផ្ញើពាក្យជូនពររបស់គាត់ទៅកាន់ក្រុម Liverpool បន្ទាប់ពីពួកគេបានទទួលជ័យជម្នះក្នុងលទ្ធផល 1-0 ក្នុងក្របខ័ណ្ឌ Premier League ជាមួយនឹងក្រុម Manchester City នៅកីឡដ្ឋាន Anfield កាលពីថ្ងៃអាទិត្យ ទី 16 ខែតុលា។

កីឡាករអន្តរជាតិសេណេហ្គាល់បានចាកចេញពីហង្សក្រហមនៅរដូវក្តៅនេះ ដើម្បីចូលរួមជាមួយក្រុម Bayern Munich របស់ក្របខ័ណ្ឌ Bundesliga ប៉ុន្តែវាហាក់ដូចជាគាត់នៅតែមានចិត្តអាឡោះអាល័យសម្រាប់ក្រុមចាស់របស់គាត់។

«ខ្ញុំសប្បាយចិត្តខ្លាំងណាស់ដែលអតីតក្រុមរបស់ខ្ញុំបានយកឈ្នះ Man City ។ ខ្ញុំមិនអាចទស្សនាការប្រកួតបានទេ ព្រោះខ្ញុំនៅក្នុងឡានក្រុង។ ខ្ញុំមានជំនឿខ្លាំងលើកីឡាករ និងគ្រូបង្វឹក ថាពួកគេនឹងត្រលប់មករកភាពល្អប្រសើរវិញក្នុងពេលឆាប់ៗខាងមុខនេះ»។

Mane ស្ថិតនៅលើឡានក្រុងរបស់ Bayern ខណៈដែលខ្លួនគាត់ផ្ទាល់មានការប្រកួតក្នុងលីគ។ Bayern បានយកឈ្នះ Freiburg ពីរម៉ោងក្រោយមកដោយលទ្ធផល 5-0 ដែល Mane រកបានមួយគ្រាប់ផងដែរ។

ចំនួនគ្រាប់បាល់សរុបរបស់គាត់ឥឡូវនេះគឺកើនដល់ 5 គ្រាប់ក្នុង 10 ប្រកួតនៅ Bundesliga សម្រាប់ក្លឹបថ្មីរបស់គាត់។ ពេញមួយអាជីពរបស់ Mane គាត់បាននិយាយថា Manchester City ជាក្លឹបសំណព្វទីពីររបស់គាត់ក្នុងការលេងទល់ជាមួយ។

គាត់បានស៊ុតបាល់បញ្ចូលទី 10 គ្រាប់ និង assist 2 ដងក្នុង 19 ប្រកួតទល់នឹង Man City ក្នុងការប្រកួតនានា។ អតីតខ្សែប្រយុទ្ធ Southampton ស៊ុតបញ្ចូលទីបាន 13 គ្រាប់ និងបញ្ជូនបាល់ឱ្យមិត្តរួមក្រុមបញ្ចប់ទីចំនួន 3 ដងទល់នឹងក្រុម Crystal Palace ដែលជាកំណត់ត្រាល្អបំផុតរបស់គាត់។

អ្នកចាត់ការលោក Jurgen Klopp បានធ្វើឱ្យក្រុមរបស់គាត់ចាប់ផ្តើមរដូវមិនសូវបានល្អ ដែលនាំឱ្យអ្នកវិភាគ និងអ្នកគាំទ្រជាច្រើនចោទសួរថា តើវាបណ្តាលមកពីអវត្តមានរបស់ Mane ដែរឬទេ។ ក្លឹប Merseyside បានចុះហត្ថលេខាលើកីឡាករ Darwin Nunez ពីក្លឹប Benfica នៅរដូវក្តៅនេះក្នុងតម្លៃ 85 លានផោន។ ប៉ុន្តែរឿងនោះវាមិនបានបញ្ឈប់ការងឿងឆ្ងល់ ថាតើមានអ្វីកើតឡើងប្រសិនបើ Mane មិនចាកចេញ។

ពេលនេះ Liverpool ឡើងមកឈរនៅលេខរៀងទី 8 ក្នុងតារាងជាមួយនឹងជ័យជម្នះដ៏សំខាន់នេះ ដោយទទួលបាន 13 ពិន្ទុក្នុងការប្រកួតចំនួន 9 នៅ Premier League ៕