ភ្នំពេញ៖ មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន(CJCC) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញនិងការិយាល័យផ្ដល់ព័ត៌មានស្តីពីការសិក្សានៅប្រទេសជប៉ុនប្រចាំកម្ពុជា បានរៀបចំកម្មវិធី ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន ឆ្នាំ 2022 ដោយមានការគាំទ្រពី ក្រសួងអប់រំ យុវជន និងកីឡា ស្ថានទូតជប៉ុនប្រចាំប្រទេសកម្ពុជា សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) និងស្ថាប័នអប់រំផ្សេងៗទៀត ។
កម្មវិធី ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន ឆ្នាំ 2022 បានលើកបង្ហាញអំពីព៍ត៌មានការសិក្សានៅប្រទេសជប៉ុន ការណែនាំពីសកលវិទ្យាល័យ និងនិតិវិធីនៃការដាក់ចូលរៀន រួមទាំងព៍ត៌មានដែលទាក់ទងនិងការផ្ដល់ជូននូវអាហារូបករណ៍។
ថ្លែងសន្ទរកថារបស់លោកស្រី បណ្ឌិត អ៊ុំ រ៉ាវី សកលវិជ្ជាធិការរងនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញបានអោយដឹងថា តាងនាមលោកស្រី តំណាងអោយឯកឧត្ដម វិជ្ជាធិការនៃសកលវិទ្យាល័យភូមិន្ទភ្នំពេញ និងក្នុងនាមលោកស្រីផ្ទាល់ពិតជាមានសេចក្ដីសោមនស្សរីករាយដែលបានចូលរួម ពិព័រណ៍ការសិក្សានៅប្រទេសជប៉ុន ឆ្នាំ 2022។ លោកស្រីបានមានប្រសាសន៍ថា ចាប់ផ្ដើមពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្រសួងអប់រំ យុវជន និងកីទ្បា និងការសហការពីគ្រប់មជ្ឍដ្ឋានជាតិ និងអន្តរជាតិ លោកស្រីសង្កេតឃើញថាវិស័យអប់រំគ្រប់កំរិតនៅទូទាំងប្រទេសកម្ពុជា កំពុងតែរីកចំរើនលូតលាស់ជាលំដាប់។ រាជរដ្ឋាភិបាលកម្ពុជាតែងតែផ្ដោត និងយកចិត្តទុកដាក់យ៉ាងខ្លាំងលើការសិក្សាអប់រំជូនដល់ប្រជាពលរដ្ឋ អោយមានឳកាសចូលសិក្សាថ្នាក់ឧត្ដមសិក្សា ដែលជាមូលដ្ឋានគ្រឹះមួយសម្រាប់ការអភិវឌ្ឍន៍ប្រទេសអោយតែរីកចំរើន។
លោកស្រីបណ្ឌិតក៏បានបន្តថា ទន្ទឹមនឹងការបើកទូលាយនូវវិស័យសេដ្ឋកិច្ចទីផ្សារសេរី ថ្នាក់ដឹកនាំស្ថាប័នជាតិ ក៏បានអនុវត្តគោលការណ៍សកលពហុពាណិជ្ជកម្ម ក្នុងគោលដៅពង្រឹង និងកែលំអរគុណភាពអប់រំនៅប្រទេសកម្ពុជាអោយមានស្ដង់ដារកំរិតអន្តរជាតិតំបន់ ដែលសមស្របទៅនឹងការអភិវឌ្ឍន៍នៅក្នុងពិភពលោកនាពេលបច្ចុប្បន្ន។ ភាពសំបូរបែបនូវវិស័យអប់រំបច្ចុប្បន្ននេះគឺជាផ្លែផ្កា ដ៏ប្រសើរដែលកើតចេញពីសម្ថតភាពដ៏ពិនប្រសប់របស់រាជរដ្ឋាភិបាលកម្ពុជា រួមផ្សំនិងកិច្ចសហការគាំទ្រយ៉ាងពេញទំហឹង ទាំងផ្នែកស្មារតីសម្ភារបច្ចេកទេស ថវិការពីសំណាក់ដៃគូរអភិវឌ្ឍននានា។
ដោយសារតែទំនាក់ទំនងជាមួយបណ្ដាប្រទេសជាមិត្តកាន់តែជិតស្និត និងល្អប្រសើរទ្បើង ជាហេតុធ្វើអោយការបណ្ដុះបណ្ដាលធនធានមនុស្សសម្រាប់ប្រទេសកម្ពុជាកាន់តែមានភាពងាយស្រួល និងមានគុណភាពតាមរយៈការសិក្សាបង់ថ្លៃ និងអាហារូបករណ៍ កម្មវិធីទស្សនៈកិច្ចសិក្សា ការផ្លាស់ប្ដូរវប្បធម៌គ្នាទៅវិញទៅមក ជាពិសេសជាមួយប្រទេសជប៉ុន នេះជាការឆ្លុះបញ្ចាំងអោយឃើញពីការចូលរួមចំណែកយ៉ាងសកម្មរបស់សហគមន៍អន្តរជាតិ នូវវស័យអប់រំនៅកម្ពុជា។
ជាចុងក្រោយលោកស្រីបណ្ឌិត អ៊ុំ រ៉ាវី បានអោយដឹងថា សកលវិទ្យាល័យភូមិន្ទភ្នំពេញបានចុះអនុសារនៈ ដៃគូរសហប្រតិបត្តិការណ៍ជាមួយសកលវិទ្យាល័យជប៉ុនចំនួន 46សកលវិទ្យាល័យ ដូច្នេះហើយគឺមានភាពងាយស្រួលដល់សិស្សានុសិស្ស និស្សិតទាំងមានឪកាសទូលំទូលាយក្នុងការជ្រើសរើស និងងាយស្រួលក្នុងការដាក់ពាក្យឬប្រទ្បងយកអាហារូបករណ៍សម្រាប់បន្តការសិក្សាទៅប្រទេសជប៉ុន៕
ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា