បាត់ដំបង ៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០២២ វេលាម៉ោងប្រហែល១៨និង៣០នាទី ត្រង់ចំណុចក្រុមទី១៨ ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង មានករណីហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសចំនួន ០១ករណី ទៅលើជនរងគ្រោះឈ្មោះ ភួង លន់ ភេទប្រុស អាយុ ៤២ឆ្នាំ មានទីលំនៅស្នាក់បណ្តោះអាសន្ន ភូមិអូរកណ្ដោល ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្ដឹងពីជនរងគ្រោះ លោកវរសេនីយ៍ទោ ទឹម វិឆ័យ អធិការនគរបាលស្រុកសំពៅលូន បានដឹកនាំកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកសំពៅលូន សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសន្តិភាព និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាស្ដា ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ១.ឈ្មោះ អូក គីម ភេទប្រុស អាយុ ២២ឆ្នាំ និង២.ឈ្មោះ ខន រស់ ភេទប្រុស អាយុ ២៩ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិអូរចំណិប ឃុំតាស្តា ស្រុកសំពៅលូន ខេត្តបាត់ដំបង។
នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួន ប្រើដើមដំឡូងមីវាយទៅលើជនរងគ្រោះបណ្តាលឲ្យរងរបួសបែកក្បាល ហើមជាំមុខ និងខ្លួនរបួសធ្ងន់ទៅលើជនរងគ្រោះឈ្មោះ ភួង លន់ ។ សម្ភារៈដកហូតបានមាន ដើមដំឡូងមីដែលបាក់ជាកំណាត់ៗ ។ បច្ចុប្បន្ន ជនរងគ្រោះត្រូវបាននាំយកទៅព្យាបាលនៅមន្ទីរពេទ្យ ។ រីឯជនសង្ស័យទាំងពីរនាក់ខាងលើត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីអនុវត្តបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ