ស្ថានភាពទឹកស្ទឹងសែនមានការហក់ឡើងបន្តិច ប៉ុន្តែមិនទាន់ដល់ កម្រិតប្រកាសអាសន្ននោះទេ

0

កំពង់ធំ៖ មន្រ្តីជំនាញធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានបញ្ជាក់ថា ស្ថានភាពទឹកស្ទឹងសែនមានការហក់ឡើងបន្តិច តែស្ថិតនៅក្នុងកម្រិតមធ្យម មិនទាន់ដល់ កម្រិតប្រកាសអាសន្ននោះទេ។ អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍! លោកយូ ឡា ប្រធានមន្ទីរធនធានទឹកនិងឧតុនិយមខេត្តកំពង់ធំ បានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២នេះថា ស្ថានភាពទឹកស្ទឹងសែននៅព្រឹកមិញនេះហាក់មានការហក់ឡើងបន្តិចពោលគឺមានកម្ពស់១៤.០៨ ម៉ែត្រ ខណៈពីថ្ងៃម្សិលមិញទឹកមានកម្ពស់១៤.០៤ម៉ែត្រតែប៉ុណ្ណោះ។

លោកបន្តថា ទោះបីទឹកស្ទឹងសែនមានការហក់ឡើង តែស្ថិតនៅក្នុងកម្រិតមធ្យម មិនឡើងលឿនឬយឺតពេកឡើយ ក្នុងនោះបើសង្កេតទៅមើលស្ថានភាពទឹកផ្នែកខាងលើ គឺនៅក្នុងស្រុកសណ្តាន់ ព្រំប្រទល់ជាប់ជាមួយខេត្តព្រះវិហារ គឺមានការស្រកចុះជាបណ្តើរៗ។ លោកបន្តថា អាជ្ញាធរជំនាញ បានកំណត់ស្ថានភាពទឹកស្ទឹងសែន មានកម្រិតចំនួន៣ កម្រិត រួមមាន៖ ក្នុងលក្ខណៈបច្ចេកទេស គឺកំណត់ឱ្យមាន ការប្រុងប្រយ័ត្ន កម្រិតបឋម ទឹកមានកម្ពស់១៣.៥០ម៉ែត្រ ការប្រុងប្រយ័ត្នកម្រិតខ្ពស់ ទឹកមានកំពស់១៤.០០ម៉ែត្រ និងកម្រិតប្រកាសអាសន្ន គឺស្ថានភាពទឹកមានកម្ពស់ ១៤.៣០ម៉ែត្រ។ ដូច្នេះបើពិនិត្យទៅលើស្ថានភាពទឹក មានការកើនឡើង ក៏មិនទាន់បង្កគ្រោះថ្នាក់ណាមួយដល់ប្រជាពលរដ្ឋឡើយ ដោយទឹកគ្រាន់តែជន់លិចផ្លូវគ្រួស ក្រហម ផ្លូវក្រាលកៅស៊ូមួយចំនួន និងនៅឯជាយក្រុង ទឹកជំនន់បានឡើងជន់លិចនៅលើកំណាត់ផ្លូវខ្លះៗហើយ ទឹកក៏ចាប់ផ្តើមហូរចូលក្នុងក្រុងជាបណ្តើរៗដែរ។ សំឡេង៖ស្ថានភាពទឹកនៅកំពង់ធំនៅថ្ងៃនេះ យើងគិតថាវាឡើង បន្តឡើង ឡើងតិចៗក្នុងកម្រិតល្បឿនយឺត ២៤ម៉ោងកន្លងមកហ្នឹងឡើង៤ហ៊ុន ១៤ម៉ែត្រ៨ហ៊ុន ពីម្សិល១៤ម៉ែត្រ៤ហ៊ុន បានន័យថាឡើងប៉ុណ្ណឹងក្នុងកម្រិតមធ្យម មិនហក់ឡើងខ្លាំងក៏មិនតិចដែរ។

ស្ថានភាពនៅផ្នែកខាងលើ នៅស្រុកសណ្តាន់ ចម្ងាយប្រហែល១០០ គីឡូម៉ែត្រ ពីកំពង់ធំ ខ្ញុំគិតតាមស្ទឹងស្រកចុះ៤ហ៊ុន ប៉ុន្តែយើងគិតថាល្បឿនទឹកពីស្រុកសណ្តាន់ព្រំប្រទល់រវាងខេត្ត កំពង់ធំនិងខេត្តព្រះវិហារ មកដល់កំពង់ធំយើងហ្នឹង បានន័យថាទឹកហូរពី៤ទៅ ៥ថ្ងៃ បានមកដល់ បានន័យថាបើជន់លិចនៅស្រុកសណ្តាន់ ទឹកកើនឡើង ៤ឬ៥ថ្ងៃក្រោយមក បាននៅស្ថានីយ៍កំពង់ធំយើង ទឹកកើនឡើងដែរ អ៊ីចឹងបានន័យថាបើសិនស្ថានីយ៍នៅសណ្តាន់ស្រក បានន័យ៤ឬ៥ថ្ងៃបាននៅក្រុងស្ទឹងសែនយើងចាប់ផ្តើមស្រកវិញដែរ។ លោកយូ ឡា ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ ក៏បានសូមសំណូមពរឱ្យបងប្អូនប្រជាពលរដ្ឋទាំងអស់បង្កើន ការប្រុងប្រយ័ត្នឱ្យបានខ្ពស់ ទោះបីស្ថានភាពទឹកមិនទាន់ដល់កម្រិតប្រកាសអាសន្នក៏ដោយ និងជាពិសេស ត្រូវមើលថែក្មេងៗឱ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអសិរពិសនានាខាំឬទិចជាដើម៕

ប្រភព៖ ក្រសួងព័ត៌មាន