គ្រាន់តែរយៈពេល ៩០ថ្ងៃ មានរថយន្ដចង្កូតស្ដាំចុះបញ្ជីជិត ១ម៉ឺនគ្រឿង និងទទួលបានថវិកាបង់ពន្ធប្រមាណ ២០លានដុល្លារ

0

ភ្នំពេញ៖ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដី អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានគូសបញ្ជាក់ថា សម្រាប់យុទ្ធនាការរយៈពេល៩០ថ្ងៃ ជាលទ្ធផល គិតត្រឹមថ្ងៃទី០៤ ខែតុលា ឆ្នាំ២០២២ រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវបានម្ចាស់មកបង់ពន្ធអាករ និងចុះបញ្ជីសរុបចំនួន ៩ ៨១៤ គ្រឿង និងទទួលបានថវិកាជិត២០លានដុល្លារ។ ការគូសបញ្ជាក់នេះ ក្នុងសន្និសីទសារព័ត៌មានស្ដីពីវឌ្ឍនភាពនៃការអនុវត្ដប្រមូលពន្ធលើយានយន្ដគ្មានពន្ធ និងអាករនាំចូលដែលមានស្រាប់ក្នុងប្រទេស នាព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ នៅអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។

ឯកឧត្ដមបណ្ឌិត គុណ ញឹម បានមានប្រសាសន៍ថា សម្រាប់រថយន្ដចង្កូតស្ដាំគ្រប់ប្រភេទ ត្រូវបានម្ចាស់មកបង់ពន្ធអាករ និងចុះបញ្ជីសរុបចំនួន ៩ ៨១៤ គ្រឿង ក្នុងនោះ ជាង៩០ភាគរយ នៃរថយន្ដចង្កូតស្ដាំដែលម្ចាស់យកមកបង់ពន្ធ និងចុះបញ្ជីគឺជាប្រភេទរថយន្ដដឹក និងជាប្រភេទរថយន្ដបែន ដូចជារថយន្ដដឹកដី ដឹកខ្សាច់ និងដឹកថ្ម ជាដើម។ ឯកឧត្ដមបណ្ឌិតបានអះអាងថា រថយន្ដប្រភេទទាំងអស់នេះ គឺជារថយន្ដប្រភេទដឹកដែលមានអត្រាពន្ធទាប និងជាប្រទេសរថយន្ដដឹក និងជាប្រភេទរថយន្ដចាស់ៗ ដែលគិតជាទឹកប្រាក់ប្រមាណជិត២០លានដុល្លារ។

តែទោះបីជាយ៉ាងណាក៏ដោយ ឯកឧត្ដមបណ្ឌិត គុណ ញឹម បានលើកឡើងថា ចំណូលទាំងនេះ ក៏ជាផ្នែកមួយចូលរួមនៅក្នុងផែនការនៃការអនុវត្ដយុទ្ធសាស្រ្ដកៀរគរចំណូលរបស់រាជរដ្ឋាភិបាលផងដែរ។ ឯកឧត្ដមបណ្ឌិត បានបញ្ជាក់បន្ថែមថា ក្នុងចំណោមរថយន្ដចង្កូតស្ដាំជិត១ម៉ឺនគ្រឿង គឺម្ចាស់រថយន្ដបានមកបំពេញកាតព្វកិច្ចពន្ធ និងអាករចំនួន ៥ ៩៧៦ គ្រឿង ដោយប្រមូលពន្ធអាករប្រមាណ១៩.៧៣លានដុល្លារ។ ចំណែករថយន្ដចង្កូតស្ដាំនៅសល់ដែលចុះបញ្ជីរួច ហើយម្ចាស់រថយន្ដខកខានមិនទាន់បានចូលរួមមកបង់ពន្ធ និងអាករ មានប្រមាណ ៣ ៨៣៨ គ្រឿង។

ឯកឧត្ដមបណ្ឌិត រដ្ឋមន្រ្ដីប្រតិភូអមនាយករដ្ឋមន្រ្ដីក៏បានអំពាវនាវដល់ម្ចាស់រថយន្ដដែលគ្មានពន្ធនៅទូទាំងប្រទេសជ្រកក្រោមស្លាកផ្សេងៗ ដើម្បីរួសរាល់ចូលខ្លួនមកបំពេញកាតព្វកិច្ច ពន្ធអាករ ស្របតាមគោលការណ៍ដែលបានអនុញ្ញាតដោយរាជរដ្ឋាភិបាល។

សូមជម្រាបជូនថា ការប្រមូលពន្ធអាករលើរថយន្ដមានស្រាប់ក្នុងប្រទេស ប្រមុខរាជរដ្ឋាភិបាល សម្ដេចតេជោនាយករដ្ឋមន្រ្ដីបានចេញគោលការណ៍អនុញ្ញាតឱ្យរថយន្ដចង្កូតស្ដាំដែលនៅសេសសល់ និងមានស្រាប់ក្នុងប្រទេសចូលមកបង់ពន្ធអាករដោយមិនចាំបាច់កែចង្កូត ដោយដាក់ឱសានវាទត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២។ សម្រាប់ឱសានវាទរថយន្ដចង្កូតស្ដាំដែលចុះបញ្ជីរថយន្ដរបស់ខ្លួនគឺមានរយៈពេល៩០ថ្ងៃ ដែលនឹងត្រូវផុតកំណត់នៅថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២ ដែលម្ចាស់រថយន្ដចង្កូតស្ដាំត្រូវមកបំពេញកាតព្វកិច្ចពន្ធ និងអាករ។ ការចាប់ផ្ដើមអនុវត្ដន៍យុទ្ធនាការចុះបញ្ជីរថយន្ដចង្កូតស្ដាំគឺមាន គឺមានរយៈពេល៩០ថ្ងៃ ដើម្បីទុកពេលឱ្យម្ចាស់រថយន្ដចង្កូតស្ដាំគ្មានពន្ធ ស្វែងរកថវិកា ដើម្បីចូលខ្លួនមកបង់ពន្ធ៕

ប្រភព៖ ក្រសួងព័ត៌មាន