តាកែវ៖ កាលពីថ្ងៃទី អត់ចាំ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី នៅត្រង់ចំណុចពីខាងកើតផ្សារតាកែវ ស្ថិតនៅក្នុងភូមិថ្នល់បែក សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានករណី (អំពើរលួចកង់ និងម៉ាស៊ីនកាត់ស្មៅ) មួយបានកើតឡើងបង្កដោយជនសង្ស័យ ឈ្មោះ កប សុន ហៅតឿ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរជាងផ្សារដែក មានទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិបិនម៉ៅ សង្កាត់រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ។ បានធ្វើសកម្មភាពលួចកង់គេ០១គ្រឿង ពណ៌សលាយខ្មៅ បន្ទាប់ពីលួចកង់បានហើយជនសង្ស័យបានយកកង់នោះទៅទុក នៅផ្ទះរបស់ខ្លួន រហូតដល់ថ្ងៃទីអត់ចាំ ខែឆ្នាំដដែល វេលាម៉ោង០១និង០០នាទី រំលងអាធ្រាត្រជនសង្ស័យបានធ្វើសកម្មភាពលួចយកកង់០១គ្រឿងទៀតពណ៌ខ្មៅលាយខៀវ នៅចំណុចខាងកើតផ្សារតាកែវ។
បន្ទាប់ពីលួចបានហើយជនសង្ស័យបានយកកង់នោះទៅរក្សាទុកនៅផ្ទះរបស់ខ្លួនទៀត រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០១និង០០នាទីរំលងអាធ្រាត្រជនសង្ស័យក៏បានជិះកង់ដែលបានលួចនោះចេញពីផ្ទះក្នុងគោលបំណងជិះដើរលេងនិងរកទិញអីហូបនៅក្នុងទីរួមខេត្តតាកែវ ពេលជិះមកដល់ចំណុចភូមិស្នោរ សង្កាត់រកាក្នុង ក្រុងដូនកែវ ជនសង្ស័យបានប្រទះឃើញម៉ាស៊ីនកាត់ស្មៅ០១គ្រឿងដែលម្ចាស់គេទុកនៅក្នុងទ្រុងជ្រូក ឃើញដូចនោះជនសង្ស័យក៏បានលួចយកម៉ាស៊ីនកាត់ស្មៅខាងលើមករក្សាទុកនៅផ្ទះរបស់ខ្លួន។
ហើយឈ្មោះកប សុន បានធ្វើសកម្មភាពលួចមាន់របស់ប្រជាពលរដ្ឋ នៅក្នុងភូមិ/ឃុំជាមួយគ្នាជាច្រើនលើកច្រើនសារ រហូតដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង០៩និង០០នាទី ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យនៅផ្ទះរបស់គេ និងដកហូតវត្ថុតាងដែលរូបគេបានលួចបានមានកង់ចំនួន០៣គ្រឿង និងម៉ាស៊ីនកាត់ស្មៅចំនួន០១គ្រឿងយកមកអធិការដ្ឋាននគរបាលក្រុងដូនកែវដើម្បីធ្វើការសាកសួរនិងកសាងសំណុំរឿងតាមនីតិវីធីច្បាប់៕
ប្រភព៖ អធិការដ្ឋាននគរបាលក្រុងដូនកែវ