ពលរដ្ឋជាង ១០០០គ្រួសារ មកពី ១១ភូមិ ក្នុងស្រុកបាណន់ ទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់

0

បាត់ដំបង៖ ទឹកជំនន់ភ្លៀងនៅក្នុងឃុំស្នឹងនិងឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង បានប៉ះពាល់ ភូមិចំនួន១១ ក្នុងនោះមានលិចសាលារៀន ផ្ទះ និង ផ្លូវ គិតត្រឹមថ្ងៃទី ២៨ កញ្ញា ឆ្នាំ ២០២២ ។ បើតាមរបាយការណ៍គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយ ខេត្តបាត់ដំបង ឱ្យដឹងថា ភូមិចំនួន ១១ មាន ភូមិគរ, សំរោង ,ស្នឹងលិច, សំបួរមាស ,ព្រះស្រែ, បឹងចែង ភូមិបឹងក្រសាល, បឹងប្រី ពាក់ស្បែក ស្នឹងកើត នៃឃុំស្នឹង ។ ទឹកជំនន់នេះ បានប៉ះពាល់ប្រជាពលរដ្ឋចំនួន១១៣៥ គ្រួសារ ក្នុងនោះ ឃុំ ស្នឹង១១០៥ គ្រួសារ ប៉ះពាល់ផ្ទះ ប្រជាពលរដ្ឋចំនួន ៩០៩ ខ្នង និងឃុំតាគ្រាមចំនួន ៣០ គ្រួសារ និងខ្នងផ្ទះ នៃភូមិសា្លបប៉ាង។ លើសពីនេះប៉ះពាល់សាលារៀនចំនួន ៧ កន្លែង (ឃុំស្នឹង៥ កន្លែង ឃុំតាគ្រាម ២ កន្លែង ) ។ ម្យ៉ាងទៀត មានការលិចផ្លូវចំនួន ៥០ខ្សែ ប្រវែងសរុប ៩០៧៤ ម៉ែត្រ និងប៉ះពាល់ដីកសិកម្មចំនួន ១៣៦៤ ហិកតា ។ លោក សឿម ប៊ុនរិទ្ធ អភិបាលរង ខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តបាត់ដំបង បានឱ្យដឹងថា ស្ថានភាពជំនន់ទឹកភ្លៀងនៅ ខេត្តបាត់ដំបងនៅមិនទាន់មានភាពធ្ងន់ធ្ងរនោះទេ គ្រាន់តែរងផលប៉ះពាល់ នៅតាម បណ្តាស្រុកមួយ ចំនួនតែប៉ុណ្ណោះ ។

ទោះបីយ៉ាងណាលោកបញ្ជាក់ថា ជំនន់ទឹកភ្លៀងនេះ ឯកឧត្តម សុខ លូ អភិបាលនៃ គណៈអភិបាល ខេត្តបាត់ដំបងបានណែនាំទៅអាជ្ញាធរមូលដ្ឋានបង្កើនការប្រុងប្រយ័ត្នតាមដានជាប្រចាំស្ថានភាពជំនន់ទឹក ភ្លៀងនៅមូលដ្ឋានរបស់ខ្លួន ហើយលោកអភិបាលរងខេត្ត ទទួលបន្ទុកគ្រោះ មហន្តរាយក៏កំពុងតាមដានជា ប្រចាំផងដែរ ៕

ប្រភព៖ ក្រសួងព័ត៌មាន