អាជ្ញាធរជាតិអប្សរា កំពុងតាមដានជាប្រចាំពីស្ថានភាពទឹកជុំវិញតំបន់អង្គរ ដើម្បីបញ្ចៀសទឹកកុំឱ្យមានការជន់លិចក្រុងសៀមរាប និងតំបន់ រមណីយដ្ឋាន អង្គរ

0

សៀមរាប៖ ក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរា កំពុងតាមដានជាប្រចាំ ពីស្ថានភាពទឹកជុំវិញតំបន់អង្គរ ដើម្បីបញ្ចៀសទឹកកុំឱ្យមានការជន់លិចក្រុងសៀមរាប និងតំបន់ រមណីយដ្ឋាន អង្គរ។

បើទោះបីជាបច្ចុប្បន្ននេះ នៅតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តសៀមរាប កំពុងជន់លិច ដោយសារ ជំនន់ទឹកភ្លៀងក៏ដោយ ប៉ុន្តែសម្រាប់ក្រុងសៀមរាប និងតំបន់រមណីយដ្ឋានអង្គរវិញ មិនបានរងការ លិចលង់ឡើយ ទោះបីស្ថានភាពទឹកមានចំនួនច្រើនក៏ដោយ។

លោក ភឿង សុឃីម ប្រធាននាយកដ្ឋានគ្រប់គ្រងទឹក ព្រៃឈើ និងហេដ្ឋារចនាសម្ព័ន្ធ នៃអាជ្ញាធរជាតិអប្សរា មានប្រសាសន៍ថា ស្ថានភាពទឹកនៅក្នុងឆ្នាំ២០២២នេះ មានចំនួនច្រើនជាងឆ្នាំមុន ក្នុងនោះបើប្រៀបធៀប មុនឆ្នាំ២០១២ បរិមាណទឹកនេះ អាចធ្វើឱ្យក្រុងសៀមរាប រងការជន់លិចយ៉ាងខ្លាំង។ លោកបន្តថា ចាប់តាំង ពីឆ្នាំ២០១២មក អាជ្ញាធរជាតិអប្សរា បានស្តារប្រព័ន្ធធារាសាស្រ្តពីបុរាណឡើងវិញ ជាពិសេសមានការថែទាំ ជាប្រចាំ ទាំងរដូវប្រាំង និងរដូវវស្សា ដើម្បីថែរក្សាប្រព័ន្ធបង្ហូរទឹកទាំងនោះឱ្យដំណើរការ ចៀសវាងនៅពេល មានទឹកជំនន់មកដល់ ប្រព័ន្ធធារាស្ត្រទាំងនោះមិនដំណើរការ បណ្តាលឱ្យមានទឹកជំនន់ជន់លិចក្រុង សៀមរាប និងរមណីយដ្ឋានអង្គ។

លោកបន្តទៀតថា បច្ចុប្បន្ននេះ ក្រុមការងារជំនាញ កំពុងតាមដានជាប់ជាប្រចាំអំពីស្ថានភាពទឹក នៅតាម ទ្វារទឹកសំខាន់ៗជាង១០០ទ្វារទឹក ជាពិសេសតាមដានទៅលើតំបន់ភ្នំគូលែន ស្រុកបន្ទាយស្រី ទ្វារទឹកតាសោម អូរខ្លូត និងបារាយណ៍ ដោយបរិមាណទឹកដែលហូរមកពីខាងលើមានទំហំខ្លាំង។

“ស្ថានភាពទឹកឥឡូវវាច្រើន អ៊ីចឹងតាមដានជាប្រចាំ យើងធ្វើការសឹងតែ២៤ម៉ោងលើ២៤ម៉ោង តាំងពីលើភ្នំគូលែនរហូតដល់រហូតទៅដល់ស្ទឹងពួក ស្ទឹងព្រះស្រុក ហើយទីតាំងសំខាន់នៅលើភ្នំគូលែន បន្ទាយស្រី ទ្វារទឹកតាសោម អូខ្លូត និងបារាយណ៍ជាទីតាំងដែលយើងតាមដានជាប្រចាំ ព្រោះបរិមាណទឹក ដែលហូរមកពីលើវាខ្លាំង អ៊ីចឹងប្រឡាយនាំទឹកដែលយើងដោះចេញពីស្ទឹងសៀមរាប ធ្លាក់ទៅស្ទឹងពួក ស្ទឹងព្រះស្រុកហ្នឹង ជាប្រឡាយមេ ប្រឡាយធំ អ៊ីចឹងទ្វារទឹកទាំងប៉ុន្មានដែលនៅលើប្រឡាយហ្នឹង យើងត្រូវ តាមដានព្រោះថាទ្វារទឹកទាំងអស់ហ្នឹង មិនអាចមានទ្វារទឹកណាមួយបិទឬទ្វារទឹកណាមួយបើកបានទេ អ៊ីចឹងពីនេះទៅស្ទឹងព្រះស្រុកជាង២០គីឡូ អ៊ីចឹងយើងតាមដានជាប្រចាំទាំងយប់ទាំងថ្ងៃ យើងមានក្រុម ពលករ និងអ្នកជំនាញបច្ចេកទេសគាត់តាមដានដែរ បច្ចុប្បន្នទ្វារទឹកយើងបានធ្វើជាង១០០ទ្វារទឹកហើយ មានតូចមានធំ”។

សូមជម្រាបផងដែរថា មកដល់បច្ចុប្បន្ននេះ មិនមានប្រាសាទបុរាណណាមួយបានរងការជន់លិចឡើយ ប៉ុន្តែដោយសារបរិមាណទឹកច្រើនហួសកម្រិត អ្នកជំនាញគ្រប់គ្រងទឹក នៃអាជ្ញាធរជាតិអប្សរា ត្រូវបាន ប្រមូលទុក និងខ្លះត្រូវបានរំដោះចេញផងដែរ ដើម្បីបញ្ចៀសការជន់លិច៕

ប្រភព៖ ក្រសួងព័ត៌មាន