បណ្តោយអោយក្មេងស្រីអាយុ ៦ឆ្នាំដើរឆ្លងថ្នល់!! ចុងក្រោយបានត្រឹមយំសោកស្តាយ

0

ពោធិ៍សាត់៖កាលពីថ្ងៃពុធទី២៨ ខែកញ្ញា ឆ្នាំ២០២២ វេលាម៉ោង១១និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកកុមារីកំពុងដើរឆ្លងផ្លូវបណ្ដាលឲ្យស្លាប់ ហេតុការណ៍នេះកើតឡើងនៅចំណុចលើផ្លូវជាតិលេខ៥ ចន្លោះគីឡូម៉ែត្រ១៦៧-១៦៨ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្ដពោធិ៍សាត់ បង្កឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងសមត្ថកិច្ចចុះទៅដល់កន្លែងកើតហេតុ។

ប្រភពព័ត៌មាននៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត០១គ្រឿងម៉ាកឡិចសុីស330 ពណ៌សរ ពាក់ស្លាកលេខភ្នំពេញ 2AP-8648 បើកបរដោយឈ្មោះ ងឹន ច័ន្ទវិរះ ភេទប្រុស​ អាយុ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិផ្សារឆ្នាំង ឃុំផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ធ្វើចរាចរណ៍ពីកើតទៅលិច លុះបើកមកដល់ចំណុចកើតហេតុខាងលើ​ បានបុកកុមារីកំពុងដើរឆ្លងផ្លូវយ៉ាងពេញទំហឹងបណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកេីតហេតុ កុមារីរងគ្រោះមានឈ្មោះ សុខ សៀវហ្វុង ភេទស្រី អាយុ​៦ឆ្នាំ​ ជនជាតិខ្មែរ មានទីលំនៅភូមិត្រពាំងកន្ទួត ឃុំ​ បឹងកន្ទួត ស្រុកក្រគរ​ ខេត្ដពោធិ៍សាត់​ (ស្លាប់)។ចំពោះសាកសពកុមារីខាងលើត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារសាច់ញាតិ​យកទៅធ្វើបុណ្យតាមប្រពៃណី​។

លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនគរបាលស្រុកក្រគរបានឲ្យដឹងថា បន្ទាប់ពីកម្លាំងនគរបាលជំនាញចរាចរណ៍បានចុះទៅពិនិត្យនិងធ្វើការវាស់វែងរួចហើយ បានសន្និដ្ឋានថាករណីគ្រោះថ្នាក់ចរាចរណ៍នេះបណ្ដាលមកពីកត្តាល្បឿន អ្នកបេីកបររថយន្តខ្វះការប្រុងប្រយ័ត្ន។

ចំពោះរថយន្តសមត្ថកិច្ចបញ្ជូនមកការិយាល័យចរាចរណ៍ខេត្តពោធិ៍សាត់ ជាបណ្ដោះអាសន្ន រង់ចាំការដោះស្រាយ​តាមនីតិវិធី ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ