ពោធិ៍សាត់៖ បុរសម្នាក់តូចចិត្តនឹងឪពុកម្តាយស្តីបន្ទោស បន្តិចបន្តួច ហ៊ានសម្រេចចិត្តធ្វើអត្តឃាត ចងកសម្លាប់ខ្លួន បញ្ចប់ជីវិត ករណីនេះកើតឡើងនៅចំណុចស្រែត្រពាំងកកោះ ស្ថិតនៅភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីវេលាម៉ោង២និង៣០នាទីរំលងអាធ្រាត ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២២ ។
យោងតាមការបំភ្លឺរបស់ឪពុកឈ្មោះ ឈម ធឹម អាយុ៦៨ឆ្នាំ មុខរបរអាចារ្យវតហត បានឱ្យដឹងថា កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ ២០២២ វេលាម៉ោង ១៦.០០នាទីកូនរបស់ខ្ញុំបានមកពីដើរលេងនៅផ្ទះបងប្អូន នៅក្រុងពោធិ៍សាត់ពេលមកដល់ផ្ទះលោកបានស្ដីបន្ទោសទៅលើកូនប្រុសឈ្មោះ ឈន ចន្នី ថាម្ដេចបានដើរលេងមិនមើលគោ ពេលនោះកូនរបស់លោកក៏មិនឮតបមាត់អ្វីទេដល់ម៉ោងប្រហែល ១៩និង ៣០ នាទីក៏បានហូបបាយជុំគ្នា រួចហើយក៏សម្រាក។ លុះដល់ម៉ោង០២ និង ១៥ នាទីលោកបានភ្ញាក់ពីដំណេកទៅរកមើលកូនតែពុំឃើញនៅកន្លែងសម្រាកហើយបានទៅមើលម៉ូតូដែលផ្ញើនៅផ្ទះឈ្មោះ ដឹប ឃើញតែម៉ូតូមិនឃើញកូនរបស់ខ្លួន ហើយក៏ដើរត្រឡប់មកផ្ទះវិញអង្គុយចាំមើលផ្លូវកូន តែពុំឃើញលុះដល់ម៉ោងប្រហែល ០៥និង៣០នាទី ព្រឹក លោកបានទៅមើលម៉ូតូនៅផ្ទះឈ្មោះដឹបម្ដងទៀត ឃើញម៉ូតូនៅដដែលហើយក៏ដើរត្រឡប់មកផ្ទះវិញ និងបានរៀបចំខ្លួនទៅវត្តពេលដែលចេញពីផ្ទះបានចម្ងាយប្រហែល ៥០ម៉ែត្រ ក៏ប្រទះឃើញកូនប្រុសរបស់ខ្លួន ចង់កនៅហ្នឹងដើមកណ្តោល ក្បែរផ្ទះកណ្ដាលស្រែ ខណៈលោកបានរាយការណ៍ទៅអាជ្ញាធរមូលដ្ឋាន ថាកូនរបស់ខ្លួន បានចង់កស្លាប់បាត់ហើយ។
លោកវរសេនីយ៍ទោ មោក ភារម្យ អធិការនៃអធិការដ្ឋាននគរបាលស្រុកក្រគរ បានបញ្ជាក់ឲ្យដឹងថា សព ជនរងគ្រោះឈ្មោះ ឈន ចន្នី ភេទប្រុស អាយុ ៣៣ ឆ្នាំ សញ្ជាតិខ្មែរ មានមុខរបរ ទិញអេតចាយមានទីលំនៅ ភូមិពោធិ៍តាគួយ ឃុំលលកស ក្រុង សំពៅមាសខេត្តពោធិ៍សាត់បានមកស្នាក់នៅជាមួយឪពុក ភូមិថ្មី ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
សូមបញ្ជាក់ថាកាលពីល្ងាចថ្ងៃ២៧ ខែកញ្ញា ជនរងគ្រោះ បានបម្រុងធ្វើអត្តឃាត០១លើករួចហើយតែត្រូវបានឪពុកឃើញឃាត់ទាន់ ហើយជនរងគ្រោះធ្លាប់ប្រើប្រាស់នៅសារធាតុញៀន នឹង ផឹកគ្រឿងស្រវឹងជាប្រចាំ ។
លោកអធិការបានបន្តថា ក្រោយពេលសមត្ថកិច្ច ធ្វើកោសល្យវិច្ឆ័យពិនិត្យលើសាកសព និងស្តាប់ការបំភ្លឺ របស់ ឪពុកជនរងគ្រោះ រួមមក បានសន្និដ្ឋានថា រកណីខាងលើនេះពិតជាការ ធ្វើអត្តឃាតចងកសម្លាប់ខ្លួន ពិតប្រាកដមែន មិនពាក់ព័ន្ធនិងបទល្មើសព្រហ្មទណ្ឌទេ សពត្រូវធ្វើកំណត់ហេតុ និងប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ