ព្រះសីហនុ៖ លោករវសេនីយ៍ទោ អ៊ួង វុទ្ធី អធិការនគរបាលស្រុកព្រៃនប់អោយដឹងថានៅវេលាម៉ោង ប្រហែល ០២:០០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២២ តាមបណ្តោយផ្លូវជាតិលេខ៤ ត្រង់ចន្លោះបង្គោលគីឡូម៉ែត្រលេខ ២០០-២០១ ដែលស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បណ្តាលអោយមនុស្សចំនួន០២នាក់បានស្លាប់ នៅនិងកន្លែង។
គួរបញ្ជាក់ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយកើតឡើង បង្កដោយខ្លូនឯង ម៉ូតូ ០១គ្រឿង ម៉ាក HONDA DREAM C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ព្រះសីហនុ ១E-០៨០៥ ដែលមានទិសដៅពីខេត្តព្រះសីហនុ ឆ្ពោះទៅ រាជធានីភ្នំពេញ បើកបរដោយឈ្មោះ ញ៉ែត វិត ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរបុគ្គលិកឆ្នោតឡូតូ និងអ្នករួមដំណើរឈ្មោះ ប៊ិន ផេង ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនេសាទ អ្នកទាំង០២មានទីលំនៅភូមិសំរុងកណ្ដាល ឃុំសំរុង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មកដល់ចំណុចខាងលើ ម៉ូតូបានរេចង្កូតមកខាងស្ដាំដៃ រួចធ្លាក់ផ្លូវ ហើយទៅបុកដើមកាស្យា នៅចិញ្ចើមផ្លូវតែម្ដង ។
លោកអធិការបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបណ្ដាលឲ្យស្លាប់មនុស្សនៅនឹងកន្លែងកើតហេតុចំនួន០២ នាក់ ដែលមានឈ្មោះ ញ៉ែត វិត ភេទប្រុស អ្នកបើកបរម៉ូតូ (ស្លាប់នៅនឹងកន្លែងកើតហេតុ) និងឈ្មោះ ប៊ិន ផេង ភេទប្រុស អ្នករួមដំណើរម៉ូតូ (ស្លាប់នៅនឹងកន្លែងកើតហេតុ) ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុក រៀបចំនៅកន្លែងកើតហេតុ និងប្រគល់សាកសពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាង(ម៉ូតូ)បានយកមករក្សាទុកជាបណ្ដោះអាសន្ននៅអធិការដ្ឋាននគរបាលស្រុកព្រៃនប់៕